(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះរៀបចំសណ្តាប់ធ្នាប់ ចាប់ពីចំណុចស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឱ្យដឹងថា ការរៀបចំសណ្តាប់ធ្នាប់នេះ គឺយើងធ្វើឡើងជាប្រចាំ ដើម្បីឱ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ក៏ដូចជាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសសកម្មភាពគ្រោះថ្នាក់ចរាចរណ៍ គឺ
- ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់នានាដែលបណ្ដាលមកពីការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក។

- ត្រូវរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អនៅតំបន់មានផ្សារ ទីប្រជុំជន សាលារៀន និងតំបន់ស្មុគស្មាញនានា ជាពិសេសតាមផ្សារក្រមួន ត្រូវហាមឃាត់ការដាក់តាំងលក់ទំនិញ ឬឥវ៉ាន់នៅលើដងផ្លូវ ការចតយានយន្តគ្រប់ប្រភេទដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ បានបន្តទៀតដែរថា កន្លងមកនេះអាជ្ញាធរខណ្ឌ-សង្កាត់ បានចុះណែនាំអប់រំដូចជា អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក៏ដូចជាអ្នករំលោភលើការ៉ូឡាយកធ្វើជាចំណតកម្មសិទ្ធរបស់ខ្លួន នៅតាមផ្សារក្រមួន នានាក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ដូចភ្លៀងរលឹមផងដែរ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ បានសង្កត់ធ្ងន់ថា ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ គឺសំដៅទៅលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានខណ្ឌ ធានាឱ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕