(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបន្តបិទខ្ទប់ និងកំណត់ភូមិសាស្រ្ដឃុំចំនួន៣ នៃស្រុកសូទ្រនិគម ជាតំបន់លឿងទុំរយៈពេល១៤ថ្ងៃទៀត។

តាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប បានបន្តបិទខ្ទប់ និងកំណត់ជាតំបន់លឿងទុំ ក្នុងភូមិសាស្រ្ដឃុំកំពង់ឃ្លាំង ឃុំកៀនសង្កែ និងឃុំដានរុន ស្រុកសូទ្រនិគម ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃទៀត គិតចាប់ពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ រដ្ឋបាលខេត្តបញ្ជាក់ថា ការសម្រេចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានសម្រេចដាក់ភូមិសាស្រ្ដខាងលើជាតំបន់មានហានិភ័យខ្ពស់ចំពោះកូវីដ១៩ នាអំឡុងខែ កក្កដា បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩ជាសហគមន៍ក្នុងមូលដ្ឋានទាំងនោះ៕