(ភ្នំពេញ)៖ ប្រជាពលរដ្ឋ និងនិស្សិតទាំង៧២នាក់ ដែលជាប់គាំងនៅប្រទេសឥណ្ឌា ត្រូវបានស្ថានឯកអគ្គរាជទូតកម្ពុជា បានសម្របសសំរួលជាមួយអាជ្ញាធរឥណ្ឌា រៀបចំឱ្យហោះហើរមកកាន់កម្ពុជា នៅថ្ងៃស្អែកនេះ។ នេះបើតាមការប្រកាសរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ស្ថានឯកអគ្គរាជទូតកម្ពុជា បានសម្របសំរួលជាមួយអាជ្ញាធរឥណ្ឌា ដោយអនុញ្ញាតឱ្យក្រុមហ៊ុនស្ដាយអង្គរអ៊ែរឡាញ (Sky Angkor Airline) ដឹកប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន៧២នាក់ ត្រឡប់ទៅប្រទេសកម្ពុជាវិញ។

ប្រជាពលរដ្ឋ និងនិស្សិតទាំង ៧២នាក់នេះ នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតាមជើងយន្តហោះ លេខ SWM 6489 នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨៖១០នាទី (ម៉ោងនៅកម្ពុជា)។

ក្នុងការចេញដំណើរនេះក៏នឹងមានមន្ត្រីស្ថានទូតទទួល បន្ទុកផ្នែកការងារ កុងស៊ុលជួយសម្រួល និងជូនដំណើរទៅព្រលានយន្តហោះអន្តរជាតិឥន្ទ្រាគន្ធី (Indira Gandhi International Airport) ក្រុងញូដែលីផងដែរ។

សូមជម្រាបដែរថា ចាប់តាំងពីខែមករា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌាបានយកចិត្តទុកដាក់ ធ្វើការសម្របសម្រួលប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសឥណ្ឌា ចំនួន ១៩៣ អង្គ/នាក់ហើយ៕