(ភ្នំពេញ)៖ ម្ហូបខ្មែរជាច្រើនមុខ មកពីតំបន់១០នៃប្រទេសកម្ពុជា នឹងត្រូវដាក់បង្ហាញ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នំា២០១៦នេះ ដែលនេះជាកម្មវិធីថ្មីមួយទៀត ឆ្នំាមុនមិនទាន់មាន។

យោងតាមភ្នាក់ងារព័ត៌មាន AKP បានដកស្រង់សំដីរបស់​ លោកស្រី ចម និម្មល ប្រធានក្រុមងាររៀបចំកម្មវិធីស្រុកយើង នៃព្រឹត្តិការណ៍អង្គរសង្ក្រានត្តឆ្នាំ២០១៦ បានឲ្យដឹងថា កម្មវិធីស្រុកយើង នឹងធ្វើការបង្ហាញ​អំពីមុខម្ហូបខ្មែរមកពី១០តំបន់ នៃប្រទេសកម្ពុជា ក្នុងគោល​បំណង​លើកស្ទួយ​មុខម្ហូបខ្មែរ និងបង្ហាញ​ឱ្យភ្ញៀវ​ទេសចរ​​បានឃើញ​​ និង​​បាន​​ស្គាល់​​មុខម្ហូប​​ខ្មែរប្រចំា​តំបន់​នីមួយៗ។

លោកស្រី ចម និម្មល បានឱ្យដឹងថា មុខម្ហូបទាំង១០តំបន់ដែលគេគ្រោងនឹងបង្ហាញ នោះ រួមមាន តំបន់មាត់សមុទ្រ តំបន់ភ្នំក្រវាញ តំបន់ទំនាបពាយ័ព្យ តំបន់បឹងទន្លេសាប តំបន់ភ្នំ ដងរែកតំបន់ទំនាបចតុមុខ តំបន់មេគង្គលើ តំបន់ទំនាបកណ្តាល តំបន់ដីក្រហម និងតំបន់ខ្ពង់ រាបឦសាន។ ដោយលោកស្រីបានបញ្ជាក់ថា ចំពោះមុខម្ហូបមកពីតំបន់នីមួយៗ គឺត្រូវផ្សំគ្រឿង និងបន្លែរធម្មជាតិសុទ្ធសាធ ដែលមាននៅក្នុងតំបន់នោះ ហើយអ្នកទៅចូលរួមក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្តឆ្នំា២០១៦នេះ នឹងបានភ្លក្សរសជាតិម្ហូបទំាងនោះ៕