(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំជាមួយមន្ទីរអប់រំខេត្តដើម្បីពិភាក្សា ត្រៀមឱ្យបើកដំណើរសាលារៀនមួយចំនួនឡើងវិញ នៅក្នុងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត នាចុងខែកញ្ញានេះ ដោយឱ្យមន្ទីរជំនាញសហការជាមួយមន្រ្តីសុខាភិបាលខេត្តពិនិត្យឱ្យបានម៉ត់ចត់ជាមុនឱ្យសិស្សចូលរៀន។

កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ នៅសាលាខេត្តបាត់ដំបង ដោយការចូលរួមពីថ្នាក់អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត មន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

បើតាមលោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា យោងតាមការស្រង់ទិន្ន័យពីបណ្តាក្រុង ស្រុកទាំង១៤សាលាគ្រប់កម្រិតរដ្ឋ និងឯកជន គិតចាប់ថ្នាក់បឋមដល់ថ្នាក់មធ្យមសិក្សា ដែលអាចបើកបានមានចំនួន៦៥៨សាលា និងសាលាបើកមិនបានមានចំនួន ២២៨សាលា។

លោកបានបន្តថា យោងតាមការ និងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ បានកំណត់ឱ្យសិស្សរៀន ចំនួន១៥នាក់ ក្នុងមួយថ្នាក់ប៉ុណ្ណោះ ហើយបើកឱ្យចូលរៀនជាជំហានៗ ដោយមានការត្រួតពិនិត្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ពីអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ប្រចាំថ្នាក់ផងដែរ។

លោក ងួន រតនៈ បានផ្តាំផ្ញើទៅថ្នាក់ដឹកនាំជំនាញពាក់ព័ន្ធទាំងអស់ មុនឱ្យសិស្សចូលរៀនត្រូវសម្អាតអនាម័យជុំវិញ ក្នុងសាលា បាញ់ថ្មាំសម្លាប់មេរោគ ពេលសិស្សចូលរៀនត្រូវពាក់ម៉ាស់ ជាប្រចាំគ្រប់ៗគ្នា ក្នុងនោះត្រូវមានកិច្ចសហការត្រួតពិនិត្យរវាងគណៈគ្រប់គ្រង និងមន្រ្តីសុខាភិបាលផងដែរ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើតាមគោលការណ៍ណែនាំរបស់ក្រសួងបានតម្រូវឱ្យសិស្សថ្នាក់ទី៦ ថ្នាក់ទី៩ និងទី១២ ចូលរៀនមុនគេតាមជំហានៗ ព្រោះសុទ្ធតែជាថ្នាក់ប្រលង និងជំហានក្រោយទៀត សិស្សណាដែលស្ថិតនៅតំបន់គ្មានហានិភ័យបានចូលរៀនជាបន្តបន្ទាប់ ចំពោះសិស្សដែលមានលទ្ធភាពត្រូវតាមប្រព័ន្ធអនឡានទៅតាមទីកន្លែងជាក់ស្តែង។

លោកបានបន្តថា សិស្សណាដែលត្រូវបានរៀនហើយនោះ ត្រូវអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» រក្សាការពារអនាម័យឱ្យល្អជាប្រចាំដោយលាដៃនឹងសាប៊ូឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់ការរីករាលឆ្លងជំងឺកូវីដ១៩ នេះផងដែរ៕