(កំពង់ឆ្នាំង)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា សាលាមេត្រីបរិស្ថានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឱ្យការគ្រប់គ្រងអនាម័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមសហគមន៍កាន់តែមានប្រសិទ្ធភាពតាមរយៈការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថានក្នុងសហគមន៍។

ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកចូលរួមជាអធិបតីក្នុងពិធី ប្រគល់បណ្ណជ័យលាភីសាលាមេត្រីបរិស្ថាន ជូនវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង មន្ទីរជំនាញជុំវិញខេត្ត និងថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យជ័យលាភី។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការ បានបង្ហាញជំនឿថា ការប្រតិបត្តិមេត្រីបរិស្ថាន នៅតាមសហគមន៍នឹងធ្វើឱ្យសហគមន៍មានអនាម័យ និងសោភ័ណភាពល្អ និងមានបរិស្ថានល្អ ស្របតាមគោលនយោបាយជាតិភូមិឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក នេត្រ ភក្ត្រា បានថ្លែងថា ចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន មិនត្រឹមតែជំរុញឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រែក្លាយចំណេះដឹងអំពីបរិស្ថានទៅជាប្រតិបត្តិមេត្រីភាពបរិស្ថាននៅក្នុងសាលារៀនប៉ុណ្ណោះទេ តែថែមទាំងជំរុញឱ្យមានការអនុវត្តនៅក្នុងសហគមន៍ថែមទៀតផងដែរ ដោយចាំបាច់ត្រូវមានការចូលរួមពីអាណាព្យាបាលសិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងសហគមន៍ស្របតាមលក្ខខណ្ឌវិនិច្ឆ័យ ៤ចំណុចនៃសាលាមេត្រីបរិស្ថាន។ អនុលោមតាមក្របខណ្ឌការងារអាស៊ាន ស្តីពីសាលាមេត្រីបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំឱ្យមានការណែនាំដោយផ្តោតលើលក្ខណៈវិនិច្ឆ័យ ចំនួន០៤ រួមមានទី១៖ មានគោលការណ៍ និងរដ្ឋបាលរបស់សាលាលើការងារបរិស្ថាន, ទី២៖ មានការបង្រៀនមេរៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថាន, ទី៣៖ មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ និងការប្រតិបត្តិបរិស្ថាន និងទី៤៖ មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាមសហគមន៍ និងមានសូចនាករវាស់វែងចំនួន១៨។

នៅចំពោះមុខអាជ្ញាធរខេត្ត មន្ទីរជំនាញ និងលោកគ្រូអ្នកគ្រូសិស្សានុសិស្ស លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារសំខាន់នៃចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន ដែលជាកិច្ចសហការរវាង ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡាដោយថ្លែងថា៖ «សាលាមេត្រីបរិស្ថាន បានចូលរួមកសាង ធនធានមនុស្សមេត្រីបរិស្ថាន និងដើម្បីត្រៀមខ្លួនឱ្យស័ក្តិសមនឹងឋានៈប្រទេសកម្ពុជាដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលចាំបាច់ពលរដ្ឋ ត្រូវមានចំណេះដឹងខ្ពស់បន្ថែមទៀត លើវិស័យបរិស្ថាន និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានយ៉ាងសកម្ម។ សាលារៀនបានដើរតួនាទីយ៉ាងសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស»

ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្តថា ក្នុងនាមក្រសួងបរិស្ថាន សូមថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងចលនាប្រឡងប្រណាំងសាលាមេត្រីបរិស្ថាននេះ។

បើតាមការឱ្យដឹងរបស់ លោក នេត្រ ភក្ត្រា កម្មវិធីសាលាមេត្រីបរិស្ថាននេះ ត្រូវបានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១៦មក ដោយមានសកម្មភាពបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការរៀបចំកម្មវិធីប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិនៅរៀងរាល់០២ឆ្នាំម្តង ហើយគិតមកទល់បច្ចុប្បន្នក្រសួងបានរៀបចំការប្រឡងប្រណាំងនេះបានចំនួន០៣លើករួចមកហើយ។

ឆ្នាំ២០២១នេះ មានសាលាចំនួន៤៨ បានដាក់ពាក្យចូលរួមហើយបន្ទាប់ពីវាយតម្លៃមានសាលាចំនួន០៦ទៀត បានជាប់ចំណាត់ថ្នាក់ជាសាលាមេត្រីបរិស្ថានជាតិលើកទី៣ រួមមាន៖ សាលាបឋមសិក្សាចំនួន៣ រួមមានទី១៖ សាលាបឋមសិក្សាវត្តចែង ភូមិវត្តចែង សង្កាត់អូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាប់ជ័យលាភីមាស, ទី២៖ សាលាបឋមសិក្សា ហ៊ុន សែន ក្រុងភូមិក្រវ៉ាន់ ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាប ជាប់ជ័យលាភីប្រាក់ និងទី៣៖ សាលាបឋមសិក្សាឈើខ្លឹមភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំជាប់ជ័យលាភីសំរិទ្ធ។

វិទ្យាល័យចំនួន៣ រួមមានទី១៖ វិទ្យាល័យ ហ៊ុន សែន មិត្តភាពភូមិ៥ សង្កាត់៤ ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ជាប់ជ័យលាភីកមាស, ទី២៖ វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ជាប់ជ័យលាភីប្រាក់ និងទី៣៖ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តពំពង់ឆ្នាំង ជាប់ជ័យលាភីសំរិទ្ធ។

លោក ស៊ឹម ប្រឹម ប្រធានមន្ទីអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង បានចាត់ទុកថាការផ្តល់នូវជ័យលាភីសាលាមេត្រីបរិស្ថាន ក្នុងថ្ងៃនេះ គឺជាការលើកទឹកចិត្ត ដល់បុគ្គលិកសិក្សាក៏ដូចជាគ្រូបង្រៀន ដើម្បីឱ្យបន្តនៅក្នុងការខិតខំប្រឹងប្រែងរៀបចំសាលារៀនឱ្យមានមេត្រីភាពបរិស្ថាន និងការគិតគូរលើកកម្ពស់សុខភាពដល់សិស្សានុសិស្សប្រជាសហគមន៍ ដែលជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ក្នុងពេលនេះដែរ លោកប្រធានមន្ទីក៏បានថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់របស់ ក្រសួងបរិស្ថាន ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ដែលបានបង្កើតឲ្យមានគោលការណ៍សាលាមេត្រីបរិស្ថាន ដើម្បីធ្វើឱ្យសាលារៀនស្អាត មានអនាម័យ និងមានការគិតគូរខ្ពស់ចំពោះកិច្ចគាំពារបរិស្ថាន ក៏ដូចជាការគ្រប់គ្រងធនធានធម្មជាតិផងដែរ។ ចំណែកលោកនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានធ្វើការប្តេជ្ញាចិត្តបន្តផ្សព្វផ្សាយអំពីចលនាមេត្រីភាពបរិស្ថាននេះ ទៅដល់សាលារៀនផ្សេងៗទៀត ក៏ដូចជាសហគមន៍ ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការរៀបចំឱ្យសាលារៀនស្អាត មានអនាម័យ សម្រាប់ទីតាំងផ្សេងៗទៀត ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹង និងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន៕