(ភ្នំពេញ)៖ តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា បានសហការជាមួយកងកម្លាំងអង្គរក្ស ដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងកងកម្លាំងយោធភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនក្រអូប-តាង៉ែន ប៉ៃលិន បាត់ដំបង ដែលខ្វះទីផ្សារដោយសារជំងឺកូវីដ១៩ វគ្គទី២ ដែលក្នុងមួយថ្ងៃទិញបានប្រមាណ ១០០តោន។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងថា បញ្ហាកូវីដ១៩ មិនត្រឹមតែកង្វះទីផ្សារប៉ុណ្ណោះទេ ផ្លែមៀន ប៉ៃលិន បាត់ដំបង បានជន់ជោរនៃរដូវប្រមូលផល ហើយភ្លៀងធ្លាក់ជារៀងរាល់ថ្ងៃផង ធ្វើឲ្យប្រជាកសិករមិនអាចប្រមូលផលទាន់ពេលវេលា។ កម្លាំងអង្គរក្ស និងកម្លាំងយោធភូមិភាគ៥ បានចូលរួមជួយបេះជួយដឹកយ៉ាងយកចិត្តទុកដាក់បំផុត ទើបអាចយកលក់ឲ្យបងប្អូនតាមខេត្តមួយចំនួន ក្នុងតម្លៃទាបបាន។

នេះជាយុទ្ធនាការដ៏ត្រចះត្រចង់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ទាំងកសិករដែលលក់ផ្លែមៀន ប៉ៃលិន បាត់ដំបង និងទាំងប្រជាជនដែលទិញទាំងអស់ បានសាទរយ៉ាងខ្លាំងចំពោះយុទ្ធនាការនេះ។

មហាសេដ្ឋីវ័យក្មេងនៅកម្ពុជា បានបន្តទៀតថា «ខ្ញុំបាទពិតជាមានក្ដីរំភើប និងកក់ក្ដៅបំផុត នៅពេលឃើញការសាមគ្គីដ៏រឹងមាំ របស់សប្បុរសជនប្រជាជាតិខ្មែរយើង ដែលបានគាំទ្រមៀនប៉ៃលិន និងបាត់ដំបង យ៉ាងច្រើនកុះករ ទើបធ្វើឲ្យខ្ញុំគ្មានពាក្យថាហត់លើកាងារបម្រើ ចូលរួមជាមួយរដ្ឋាភិបាលនឹងប្រជាជនយើង»