(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី ដែលបច្ចុប្បន្នជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា ការបែបបាក់វិនាសខ្ចាត់ខ្ចាយរបស់ ក្បាលម៉ាស៊ីនក្រុមមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ (CNRP) គឺជាបណ្តាសា របស់បារមីដូនតាកម្ពុជា។

លោក គង់ គាំ បានលើកឡើងបែបនេះ តាមបណ្តាញសង្គម Facebook នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដោយលោកបានបញ្ជាក់ដូច្នេះថា៖ «អវធ្លាក់ផ្លូវក្រោម ប្រព្រឹត្តព្រមទៅខាងខុស។ ក្បាលម៉ាស៊ីន យន្តការស្រមោលរបស់បរទេស និងក្បាលម៉ាស៊ីន យន្តការ តណ្ហាអំណាចក្រាស់ តណ្ហាក្រាស់ ក្នុងអំពើ ពាលា ស្រីល្បែងពុករលួយ បោកប្រាស់ គ្មានអៀនខ្មាស របស់ក្រុមមេដឹកនាំនយោបាយខ្មែរ (អតីត CNRP) បានរងបណ្តាសារបស់បារមីដូនតាកម្ពុជា ឲ្យវិនាសខ្ចាត់ខ្ចាយអស់ហើយ»

លោកបានបន្ថែមថា៖ «ស្រមោល ដែលអន្ទោលតាមប្រាណ យន្តការ និងប្រព័ន្ធឃោសនា ពីក្រៅបន្តហួចមក ហក់ទៅ តាមខ្សែរបស់គេ ដើម្បីដុតអោយខ្លោច រោចឱ្យឆៅ»

គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូល ចេញដីការកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំពោះបទល្មើសពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេសក្នុងការផ្តល់រំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយតុលាការបានសម្រេចផ្អាកសកម្មភាពនយោបាយរបស់បុគ្គល ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប និងបិទផ្លូវតវ៉ាផងដែរ។

ការរំលាយគណបក្សសង្រ្គោះជាតិ ដែលជាបក្សរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្ស បាននាំទៅដល់ការបែកបាក់ និងវាយប្រហារគ្នាទៅវិញទៅមករវាងក្រុមលោក សម រង្ស៉ី និង លោក កឹម សុខា។

លោក មុត ចន្ថា មនុស្សជំនិតបំផុត និងជានាយកខុទ្ទកាល័យរបស់ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ កាលពីសប្តាហ៍មុន បានលាតត្រដាងថា ការបែកបាក់កម្លាំងផ្ទែក្នុងអតីតគណបក្សសង្រ្គោះជាតិ គឺផ្តើមចេញពី លោក សម រង្ស៉ី តែម្តង។

លោក មុត ចន្ថា បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំយល់ថាអ្វីដែលធ្វើឱ្យបែកបាក់កម្លាំងផ្ទែក្នុងអតីតគណបក្សសង្រ្គោះជាតិ គឺផ្តើមចេញពីលោក សម រង្ស៉ី តែម្តង។ បើសិនជាលោក សម រង្ស៉ី គោរពច្បាប់ផ្ទៃក្នុងបក្ស និងគោលការណ៍និងគោលនយោបាយរួម គាត់ប្រាកដជាបង្ហាញភាពជាគំរូដល់មន្រ្តីនិងអ្នកគាំទ្រគណបក្ស ប៉ុន្តែគាត់ខ្លួនឯងបានរំលោភបំពានច្បាប់កំពូលផ្ទៃក្នុងបក្សម្តងហើយម្តងទៀត ដែលបានបង្កើតលំអាន និងគំរូអាក្រក់ដល់ថ្នាក់ក្រោម។ បើសិនមេដឹកនាំមិនគោរពច្បាប់ផង រឿងអីថ្នាក់ក្រោមត្រូវគោរព។ មេដឹកនាំល្មើសច្បាប់ តែមាននិទណ្ឌភាព ឬរួចទោស ដូច្នេះរឿងអីថ្នាក់ក្រោមត្រូវខ្លាច និងរាងចាលចំពោះអំពើល្មើសនឹងច្បាប់»