(ភ្នំពេញ)៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមគ្នាប្រមាណ១០នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយឯក ម៉ន វុធី អធិការនគរបាលខណ្ឌ ក្រោមបញ្ជាពីឧត្តមសេនីយឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនក្រោយពីបានព្រួតគ្នាវាយទៅលើយុវជន២នាក់ កំពុងអូសម៉ូតូរកកន្លែងប៉ះកង់ បណ្ដាលឱ្យស្លាប់១នាក់។

អំពើឃាតកម្មខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖២០នាទីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ម៉ន វុធី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh news ឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះថា ជនរងគ្រោះដែលត្រូវវាយសម្លាប់នោះមានឈ្មោះ សួន ឃាង អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះជួលក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម្នាក់ទៀត មានសំណាងរត់រួចឈ្មោះ ហម ទ្រួស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រមានស្រុកកំណើតនៅភូមិជម្រៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ពុំមានរងរបួសឡើយ។

លោកអធិការបានបន្តថា ចំណែកក្រុមជនដៃដល់មានគ្នាប្រហែល១០នាក់ ប៉ុន្តែចាប់ខ្លួនទាំង៣នាក់ ក្នុងនោះរួមមាន៖

*ទី១៖ ឈ្មោះ វុទ្ធី ស៊ីលន អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
*ទី២៖ ឈ្មោះ ជេត វីយូ អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ ធឿន សុខលីន អាយុ២០ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ។

នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ បាននាំគ្នាជិះម៉ូតូចេញពីផ្ទះជួលនៅភូមិចំការឪឡឹកទៅរកទិញអីហូប លុះទៅដល់ត្រង់ចំណុចកើតហេតុម៉ូតូបែកកង់ទៅមុខលែងរួច។ ពេលនោះក៏បាននាំគ្នាបណ្ដើរម៉ូតូ ដើម្បីរកកន្លែងប៉ះកង់ជិះបន្តទៀត តែពេលកំពុងអូសម៉ូតូដើរសុខៗ ស្រាប់តែលេចមុខក្រុមជនដៃដល់កាន់ដំបងឈើមូល ទៅដល់ដេញមកវាយជនរងគ្រោះទាំង២នាក់។

ពេលនោះជនរងគ្រោះឈ្មោះ ហម ទ្រួស លោតចូលទៅក្នុងទឹក និងរត់រួច ចំណែកជនរងគ្រោះឈ្មោះ សួន ឃាង រត់អត់ទាន់ក៏ត្រូវជនដៃដល់វាយចំកញ្ចឹងក និងក្បាលរបួសធ្ងន់ធ្ងរ។ បន្ទាប់មកជនដៃដល់រត់គេចខ្លួនបាត់។ ក្រោយពេលកើតហេតុ គេបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់ តែដោយសារតែរបួសធ្ងន់ពេកក៏បានស្លាប់នៅតាមផ្លូវ។

បន្ទាប់មកបងស្រីជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងសុំឱ្យនគរបាលជួយអន្តរាគមន៍ភ្លាមៗនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកវរសេនីយឯក ម៉ន វុធី អធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវ ហើយដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ នាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕