(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១២៩គ្រួសារ ក្នុងស្រុកឈូក។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូនបានមួយគ្រាផងដែរ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩ នេះ។

លោក ជាវ តាយ បានក្រើនរំលឹកនិងអំពាវនាវឱ្យពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត ដោយចូលរួមអនុវត្តនូវវិធានសុវត្តិភាព បទបញ្ជាផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួង សុខភិបាល ឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកឲ្យបានខ្ជាប់ខ្ជួននូវការអនុវត្តវិធានការ «៣ការពារ និង៣កុំ»។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ជាវ តាយ បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋទាំង១២៩គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន៖ អង្គរ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង ១យួរ, ទឹកត្រី ១យួរ និងថវិកា ២មុឺនរៀល សរុបស្មើនឹង ២.៥៨០.០០០រៀល ព្រមទាំងបានឧបត្ថម្ភថវិកា ប្រមាណ ៥០ម៉ឺនរៀល ជូនទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកាកបាទក្រហម កម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ និងក្រុមគ្រូពេទ្យផងដែរ៕