(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈការត្រៀមខ្លួនរួចរាល់សម្រាប់ការត្រៀមបើកបម្រើសេវាកម្មទេសចរណ៍ឡើងវិញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលខាងមុខ ក្រសួងទេសចរណ៍បានរៀបចំនូវប្រព័ន្ធ Telegram BOT ដែលតម្រូវឱ្យគ្រប់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ ធ្វើការចុះឈ្មោះ និងបំពេញទិន្នន័យបុគ្គលិកកំពុងបម្រើការក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចរាល់។

សម្រាប់នីតិវិធីនៃការបញ្ចូលទិន្នន័យ គ្រប់ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវ៖

*ទី១៖ ស្វែងរកកម្មវិធី Telegram និងស្វែងរកពាក្យ «ទិន្នន័យអ្នកបានចាក់វ៉ាក់សាំង ក្នុងវិស័យទេសចរណ៍» (ឬស្កេន QR Code ដែលមានភ្ជាប់) រួចចុច START រួចចុច SHARE ដើម្បីផ្តល់ព័ត៌មានលេខទូរស័ព្ទរបស់លោកអ្នកដល់ក្រសួងទេសចរណ៍។

*ទី២៖ សូមចុចប៊ូតុង «បន្ថែម និងពិនិត្យទិន្នន័យ» ដើម្បីបញ្ចូលព័ត៌មានអាជីវកម្មរបស់ខ្លួន។

និងទី៣៖ សូមចុចប៊ូតុង «បញ្ចូលព័ត៌មានបុគ្គលិក» ដើម្បីធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួនបុគ្គលិកកំពុងបម្រើការ និងប្រភេទវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានចាក់រួចរាល់។ ចុងក្រោយសូមចុងប៊ូតុង «រួចរាល់»៕