(សៀមរាប)៖ លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប និង លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមនចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប នៅព្រឹកថ្ងៃទី៧ ខែកញ្ញា បានចុះចែកអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ស្ថិតនៅបរិវេណវត្តចក ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោក នួន ពុទ្ធារ៉ា បានរំលេចពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍជាតិ ក៏ដូចជាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោក នួន ពុទ្ធារ៉ា បានគូសបញ្ជាក់ដូច្នេះ «សម្ដេច បានខិតខំក្នុងការជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីការលំបាក និងការរស់នៅប្រកបដោយសុខសន្តិភាព និងសេរីភាព ជាពិសេសការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់រីករាលនៃជំងឺកូវីដ-១៩ តាមរយៈការស្វែងរកវ៉ាក់សាំងមកពីបណ្តាប្រទេសនានា សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ»

លោកអភិបាលក្រុង ក៏បានអំពាវនាវឱ្យពលរដ្ឋទាំងអស់ ត្រូវបន្តការការពារការឆ្លងជំងឺកូវីដ-១៩ តាមរយៈការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ជាពិសេស «៣ការពារ ៣កុំ»

អំណោយជាស្បៀងអាហារ និងថវិកា ដែលនាំយកមកចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៣០ គ្រួសារ បានមកពីការកៀរគរ និងចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តសៀមរាប។ ការផ្តល់ជូននៅពេលនោះរួមមាន ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម មី ១ កេស ទឹកសុទ្ធ ១កេស ទឹកស៊ីអ៉ីវ ៣ដប ទឹកត្រី ៣ដប ស្ករស ០.៥គីឡូក្រាម និងសាប៊ូដុសខ្លួន ១ដុំ និងថវិកា ២ម៉ឺនរៀល។

លោកអភិបាលក្រុងសៀមរាប បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះទឹកចិត្តដ៏ឧត្តុង្គឧត្តមរបស់សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តសៀមរាប ដែលបាននាំយកអំណោយមកចែកជូនគ្រួសារ ដែលមានជីវភាពខ្វះខាត ស្របពេលដែលពលរដ្ឋក្នុងតំបន់នេះ កំពុងប្រឈមការលំបាក ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន ក្នុងការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕