(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០២១នេះបានដឹកនាំមន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស ចុះធ្វើអនាម័យ សម្អាតបរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណទីធ្លាវិទ្យាល័យទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដើម្បីទទួលបានការ វាយតម្លៃដើម្បីបានបើកសាលារៀនឡើងវិញ។

លោក ថេង សុថុល បានឱ្យដឹងថា ការចុះធ្វើអនាម័យបរិស្ថាន និងបាញ់ថ្នាំសំលាប់មេរោគ គឺស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមក្នុងការបើក សាលាសំរាប់ឱ្យសិស្សបានចូលរៀនវិញ នៅពេលឆាប់ៗខាងមុខនេះ ជាមួយនឹងការយកចិត្តទុកចិត្ត និងកាត់បន្ថយការព្រួយបារម្មណ៍ពីការឆ្លងនៅក្នុង បរិវេណសាលាផងដែរ។

លោកអភិបាលខណ្ឌ បានបន្តទៀតថា នេះជាជំហានដំបូងសំរាប់ឱ្យសិស្សថ្នាក់១២ និងថ្នាក់ទី៩ បានត្រៀមខ្លួនក្នុងការចូលសិក្សាឡើងវិញ និងត្រៀមខ្លួនដើម្បីធ្វើការ ប្រលងនៅពេលខាងមុខឆាប់ៗនេះ ក្រោយការវាយតម្លៃនៃការបើកសាលារៀនឡើងវិញ ក្នុងនោះដែរអាជ្ញាធរនឹងបន្តធ្វើអនាម័យ បាញ់ថ្នាំសម្លាប់មេរោគទៅតាមសាលា ផ្សេងនៅក្នុងខណ្ឌបន្តទៀតផងដែរ។

លោក ថេង សុថុល បញ្ជាក់ដែរថា សំរាប់៥សង្កាត់របស់ខណ្ឌចំការមន មិនមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ច្រើនទេ ចាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កន្លងនេះ គឺកំពុងឈរក្នុងចំណុចលឿង ហើយបើទោះបីជាស្ថានភាពរាងធូរស្រាល ក៏ពិតមែនតែអាជ្ញាធរ នៅតែបន្តស្វែងរកមុខសញ្ញា អ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ដើម្បីធ្វើការទប់ស្កាត់ បានទាន់ពេលវេលា។

តាមការបញ្ជាក់ពីលោក កុយ សេដា នាយកវិទ្យាល័យទួងទំពូង បានឱ្យដឹងថា បច្ចុប្បន្នវិទ្យាល័យបានធ្វើការត្រៀមរួចរាល់សំរាប់ការបើកសាលារៀនឡើងវិញដោយខាង សាលា បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគម្តងរួចមកហើយ នៅតាមអគារសិក្សា ហើយឥឡូវនេះរដ្ឋបាលខណ្ឌចំការមន បានចុះមកធ្វើអនាម័យសំអាតបរិស្ថាន និងបាញ់ថ្នាំ សម្លាប់មេរោគម្តងទៀត គឺជាការល្អប្រពៃណាស់ សំរាប់វិទ្យាល័យទួលទំពូង។ វិទ្យាល័យទួលទំពូង មិនមានការយកធ្វើជាមណ្ឌលចក្តាឡីស័កនោះទេ គ្រាន់តែជា មណ្ឌលចាក់វ៉ាក់សាំងប៉ុណ្ណោះ ដូចនេះការបើកថ្នាក់ចូលរៀនឡើងវិញ គឺមិនបារម្ភពីហានិភ័យជំងឺកូវីដនោះឡើយ។

លោកនាយសាលា បានបញ្ជាក់ថា ក្នុងចំណោមលោកគ្រូ អ្នកគ្រូចំនួន២១៥/២១០នាក់ បានចាក់វ៉ាក់សាំងដូសទី៣ បានរួចរាល់ហើយ នៅសល់តែ៥នាក់ប៉ុណ្ណោះ ដែលមានជំងឺប្រចាំកាយ មិនអាចចាក់វ៉ាក់សាំងបាន ខណ:ចំនួនសិស្សានុសិស្សទាំងអស់ នៅក្នុងសាលាបានចាក់វ៉ាក់សាំង ប្រមាណ៩៨ភាគរយ និងនៅសល់២ភាគរយ ដែលជាសិស្សមានជំងឺប្រចាំកាយដូចជាទឹកនោមប្រៃជាដើម៕