(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Prince Holding Group ស្តីពីកម្មវិធីអាហារូបករណ៍ ចេនហ្ស៊ី សម្រាប់និស្សិតកម្ពុជា ដោយក្រុមហ៊ុននឹងផ្តល់ អាហារូបករណ៍ជាថ្លៃសិក្សាប្រចាំឆ្នាំ និងប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់និស្សិតកម្ពុជា សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៤០០នាក់ក្នុងមួយឆ្នាំ។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា បានធ្វើឡើងនៅទីស្តីការក្រសួងអប់រំ ក្រោយអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប និងមានការចូលរួមពីមន្ត្រីជាច្រើនរូបផងដែរ។ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងថា ក្នុងនាមក្រសួងអប់រំ សូមស្វាគមន៍ចំពោះកិច្ចសហការ របស់និយោជកនានា ដែលដើរតួជាអ្នកអប់រំ យ៉ាងយកចិត្តទុកដាក់។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ដែរថា ផ្លូវឆ្ពោះទៅរកការងើបឡើងវិញរបស់ប្រទេសកម្ពុជានឹងទាមទារឱ្យមានគំនិតថ្មីៗ មកពីគ្រប់តំបន់នៃប្រទេស និងក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយដៃគូរបស់ខ្លួននឹងអាចយកឈ្នះរាល់ ឧបសគ្គទាំងឡាយ ក្នុងការផ្តល់ការណែនាំតម្រង់ទិស ការធានានូវលទ្ធភាព ទទួលបានការអប់រំ ប្រកបដោយសមធម៌ និងឱកាសការងារដើម្បីធានាបានថានិស្សិតដែលមានទេពកោសល្យផ្តោតទៅលើការរៀនសូត្រ និងទទួលបាននូវជំនាញដែលមានសារៈសំខាន់ សម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

លោក Gabriel Tan ក្នុងនាមតំណាងក្រុមហ៊ុន លោកមានសេចក្តីសោមនស្សរីករាយ ដែលបានបើកដំណើរការកម្មវិធីអាហារូបករណ៍ធំបំផុតមួយនៅកម្ពុជា ដែលទទួលបានការឧបត្ថម្ភដោយសហគ្រាសឯកជន។ អង្គភាពផ្សេងៗរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប មានក្តីរំភើបរីករាយក្នុងការទទួលស្វាគមន៍និស្សិតកម្ពុជា ឱ្យចូលមកចូលរួម ជាមួយគ្រួសាររបស់ក្រុមហ៊ុន ព្រីនស៍ គ្រុប ដែលនឹងបង្កើតនូវកម្មវិធីកម្មសិក្សាដ៏រឹងមាំ និងការបណ្តុះបណ្តាលសិក្ខាកាម ក្នុងការគ្រប់គ្រ ដើម្បីអប់រំអ្នកដឹកនាំ សម្រាប់ថ្ងៃស្អែក។

លោក Gabriel Tan បានបន្ថែមថា អាហារូបករណ៍ ចេន ហ្ស៊ី បាននឹងកំពុងស្វែងរកការផ្តល់ជូនទាំងទៅលើបទពិសោធន៍សិក្សា និងបទពិសោធន៍ជាក់ស្តែង ដល់សិស្ស និស្សិតតាមរយៈការផ្តល់នូវការអប់រំកម្រិតដំបូង ហើយទទួលបាននូវបទពិសោធន៍ការងារលំដាប់អន្តរជាតិ។ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានបើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈព្រីនស៍ នាឡិកា ដែលជាសាលានាឡិកាឯករាជ្យដំបូងគេបង្អស់នៅកម្ពុជា និងផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសក្នុងការរៀនជំនាញ សិប្បកម្មថ្មីមួយដូចជា ការផលិតនាឡិកា និងទទួលបានបទពិសោធន៍ចាំបាច់បន្ថែម ដើម្បីជួយពួកគេទាំងក្នុងទីផ្សារការងារនៅកម្ពុជា និងនៅបរទេស។

នៅខែសីហាឆ្នាំ២០២១នេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឧបត្ថម្ភកម្មវិធីរៀបចំអាជីពការងារដែលដំណើរការដោយអង្គការ Caring for Cambodia ជាអង្គការ សប្បុរសធម៌ ឈានមុខគេលើវិស័យអប់រំ ដែលបានជួយដល់សិស្សានុសិស្សនៅវិទ្យាល័យ ហើយនឹងបន្តរិះរកវិធីផ្សេងៗ យ៉ាងសកម្មដើម្បីរួមចំណែក ឱ្យប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរផងដែរ៕