(ព្រៃវែង)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានចុះទៅចាក់វ៉ាក់សាំងការពារជំងឺដុំពកលើសត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅឃុំប្រធាតុជាង៣០០ក្បាល, ចាក់ថ្នាំព្យាបាលចំនួន២ក្បាល និងបានចែកថ្នាំពណ៌ស្វាយ សម្រាប់លាបព្យាបាលបានប្រមាណ១៥០ដប ជូនដល់លោកមេភូមិចំនួន៩ភូមិ ដើម្បីយកចែកជូនប្រជាកសិករដែលមាន គោ ក្របី ឈឺនៅតាមបណ្តាភូមិថែមទៀត។

ការបន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកលើសត្វគោ ក្របីនេះ បានធ្វើឡើងនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការដឹកនាំពីលោកចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងលោក ជា សុមេធី អភិបាលខេត្ត និងលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រួមជាមួយមន្ត្រីជំនាញខេត្ត ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ។

យុទ្ធនាការេនះ បានកើតឡើងក្រោយលោក ជា សុមេធី អភិបាលខេត្ត បានជំរុញឱ្យមន្ទីរជំនាញយកចិត្តទុកដាក់ក្នុងផ្តល់សេវាចាក់វ៉ាក់សាំង និងជួយព្យាបាលជំងឺសត្វជូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងឲ្យបានខ្លាំងក្លាបន្ថែមទៀត។

មន្រ្តីបានបញ្ជាក់ថា ជំងឺដុំពកស្បែក គោ ក្របីនេះ ភាគច្រើនឆ្លងតាមសត្វល្អិត ដូចជា៖ មូស តាបោម នៅក្នុងក្រោល តាមរយៈការនាំគោក្របីដែលមានជំងឺពីតំបន់ផ្សេងៗ ហើយអាចឆ្លងតាមរយៈការស៊ីចំណី និងផឹកទឹករួមគ្នា ទឹកដោះការបង្កាត់ពូជ ការព្យាបាល (មិនដូរម្ជុល)។ ដើម្បីកាត់បន្ថយការឆ្លងនៃជំងឺដុំពកលើស្បែក គោ ក្របីនេះ សូមបងប្អូនដែលជាម្ចាស់ គោ ក្របី ទាំងអស់ត្រូព្យាយាមធ្វើអនាម័យចំពោះសត្វដោយឧស្សាហ៍លាងទឹក នឹងសាប៊ូឱ្យបានញឹកញាប់ ទាំងនេះគឺអាចជួយកាត់បន្ថយនៃការឆ្លងនៃជំងឺដុំពកលើស្បែកគោនេះបានមួយកម្រិតផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តី។ លោកអភិបាលរង ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលជាម្ចាស់សត្វ គោ ក្របីទាំងអស់ត្រូវយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញដែលបានណែនាំដល់ប្រជាពលរដ្ឋនៅវិធីបង្ការ និងទប់ស្កាត់នៃជំងឺដែលកើតឡើងលើសត្វ គោ ក្របី ទាំងអស់នេះ។

ជាមួយគ្នានេះ លោកអភិបាលរង ក៏ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាទៅទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នាដើម្បីបង្ការទប់ស្កាត់ការរាលដាលឆ្លងនូវជំងឺនេះ នៅក្នុងសហគមន៍ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នៅក្រុងស្រុកកំពង់ត្របែក មានគោសរុបចំនួន ៦២,១៣៦ក្បាល, ក្របី ២,១៩៨ក្បាល ក្នុងនោះឈឺចំនួន ១៨៧ក្បាល និងងាប់មានចំនួន៤ក្បាល។

នៅទូទាំងខេត្តព្រៃវែង មានសត្វគោ ក្របីសរុបចំនួន ៣៧៥,៩២៦ក្បាល ក្នុងនោះមានគោ សរុប៣៦១,០៦១ក្បាល, ក្របីសរុប ១៤,៨៦៥ក្បាល ចំពោះមុខនេះ តាមការសម្រង់ស្ថិតិសត្វឈឺ ដុំពកស្បែកសរុបទូទាំងខេត្ត មានសត្វឈឺសរុបចំនួន ៥៤៥ក្បាល កំពុងបន្តព្យាបាល និងមានងាប់កូនគោចំនួន ៩ក្បាលផងដែរ៕