(ភ្នំពេញ)៖ អង្គការ Jica របស់ជប៉ុន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ បានចុះកិច្ចព្រមព្រៀង ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួន ២២,០១៣លានយ៉េន ត្រូវជាប្រមាណ១៨២លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើង ផ្លូវជាតិលេខ៥ ស្ពានជ្រោយចង្វារ និងគាំទ្រដល់សកម្មភាពដោះមីន។

ការចុះហត្ថលេខានៃកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលភាគីកម្ពុជា តំណាងដោយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន និងភាគីអង្គការ ​Jica តំណាងដោយលោក Itsu Adachi ប្រធានអង្គការ Jica ប្រចាំកម្ពុជា។

កិច្ចព្រមព្រៀងហិរញ្ញប្បទាន ដែលមានទឹកប្រាក់១៨២លាន ត្រូវបានចែកជា៣ផ្នែក៖ ទី១- ឥណទាន សប្បទាន មានទឹកប្រាក់ចំនួន ១៧,២៩៨លានយ៉េន ត្រូវជាប្រមាណ១៤៤លានដុល្លារ​អាមេរិក ជាកញ្ចប់ឥណទានលើកទី២ សម្រាប់គម្រោង ធ្វើឲ្យប្រសើឡើងនូវ កំណាត់ផ្លូវជាតិលេខ៥ ពីស្ពានព្រែកក្តាម ដល់ធ្លាម្អម។ ទី២- ហិរញ្ញប្បទានឥតសំណងចំនួន ៣,៣៤៣លានយ៉េន ត្រូវជាប្រមាណ ៣០លានដុល្លារអាមេរិក សម្រាប់គម្រោងធ្វើឲ្យប្រឡើងនៅស្ពានជ្រោយចង្វារ។ និងទី៣- ហិរញ្ញប្បទានឥតសំណងចំនួន ១,៣៧២លានយ៉េន ត្រូវជាប្រមាណ១២លានដុល្លារអាមេរិក សម្រាប់គម្រោងធ្វើឲ្យប្រសើឡើងនៅសម្ភារបរិក្ខា សម្រាប់សកម្មភាព ដោះមីន ដំណាក់កាលទី៧៕

Advertising