(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានបើកកិច្ចប្រជុំត្រៀមរៀបចំ ប្រារព្ធពិធីបុណ្យ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោករដ្ឋមន្ដ្រីក្រសួងធម្មការ មិន ឃិន និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ព្រមទាំងថ្នាក់ដឹកនាំសង្ឃ មន្ត្រីរាជការ តំណាងគ្រប់ក្រសួង ស្ថាប័នទាំងអស់។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ពិធីបុណ្យទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ខាងមុខនេះ នៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ។ ការប្រារព្ធពិធីបុណ្យនេះគឺស្របតាម ស.ជ.ណ៧៤២ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល។

គួររំលឹកផងដែថា ក្នុងឱកាសនោះគឺដើម្បីអបអរសាទរ ចំពោះព្រះមហាក្សត្រខែ្មរ ដែលទ្រង់ទទួលបាននូវ គោរមងាកិត្តិយស «ព្រះស្រីលោកធម្មិករាជ» ដែលពុទ្ធរិស័ទ ទូទាំងប្រទេសសរុបប្រមាណ ៥១០ លាននាក់ សម្រេចថ្វាយព្រះអង្គ។ ទាំងអស់នេះ ជាសមិទ្ធផលដែលរាជរដ្ឋាភិបាល​ ទទួលបានក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕