(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានប្រាប់ឱ្យមន្ត្រីតម្កល់ផលប្រយោជន៍ជាតិជាធំ សំដៅទាញយកសមានចិត្តគាំទ្រឱ្យបានពីប្រជាពលរដ្ឋ ដែលជាម្ចាស់ ដើម្បីឈានទៅដណ្ដើមយកជ័យជម្នះជូនគណបក្ស និងរាជរដ្ឋាភិបាល នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នាពេលខាងមុខ។

បន្ថែមពីនេះ លោក ជា ពិសី បានប្រាប់ឱ្យមន្ត្រី ដាច់ខាតត្រូវតែប្រកាន់ខ្ជាប់ខ្ជួនជានិច្ចនូវ ស្មារតីសាមគ្គីភាពផ្ទៃក្នុង ក្នុងការយកអស់កម្លាំងកាយចិត្ត ប្រកបដោយភក្ដីភាពបំផុត ដើម្បីបម្រើដោយភាពស្មោះត្រង់ចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។

ការបញ្ជាក់ប្រាប់បែបនេះរបស់លោកអភិបាលខណ្ឌទួលគោក បានធ្វើឡើងក្នុងពេលដែលលោកអមដំណើរដោយលោក-លោកស្រី អភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ បានចុះជួបក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភសម្ភារប្រើប្រាស់ ជាអាល់កុល និងម៉ាស់ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ១៩ និងថវិកាលើកទឹកចិត្តផងដែរដល់ប៉ុស្ដិ៍នគរបាល និងរដ្ឋបាលសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងពិធីនេះ លោក ជា ពិសី បានសង្កត់ធ្ងន់ថា សូមអស់លោក-លោកស្រីចៅសង្កាត់ និងសហការីទាំងអស់ យកចិត្តទុកដាក់ពង្រឹងការងារទប់ស្កាត់ជម្ងឺកូវីដ១៩ ដើម្បីការពារឱ្យបាននូវខឿនសុខភាព និងការពង្រឹងលើការបង្ក្រាបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម, គ្រឿងញៀន, ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ, ការរៀបចំ ថែរក្សាអនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ដែលអាចបង្កឱ្យមានអសន្តិសុខក្នុងសង្គម ក្នុងគោលបំណងអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការខិតខំបង្កើនប្រសិទ្ធភាពការងារចំពោះការផ្ដល់សេវាល្អឱ្យបានល្អប្រសើរ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ប្រកបដោយ គណនេយ្យភាព «ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព» ជូនដល់ប្រជាពលរដ្ឋ៕