(សៀមរាប)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តសៀមរាប បានដុតចោលឱសថបំប៉នសុខភាព គ្មានលេខបញ្ជីការច្បាស់លាស់ចំនួន ៧០ មុខស្មើ នឹង ១,២០២,៣៦៦ គ្រាប់មានទម្ងន់ ១,៣០១ គីឡូក្រាម។

ពីធីនេះដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល និងលោកស្រី លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាលខេត្តសៀមរាប ព្រមទាំងចូលរួមដោយអាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធមួយចំនួនទៀត។

រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យមន្ទីរសុខាភិបាល ដុតចោលនូវឱសថបំប៉នសុខភាព ដែលមន្ទីរសុខាភិបាល សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរឹបអូសនៅចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប នាពេលកន្លងមក ។

បើយោងតាមរបាយការណ៍ ស្តីពីការចាប់ឱសថបំប៉នសុខភាព ដែលមិនមានចុះបញ្ជីការ ពីក្រសួងសុខាភិបាលកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ក្រុមការងាមន្ទីរសុខាភិបាលសហការជាមួយនគរបាលសេដ្ឋកិច្ច ក្រោមការបញ្ជាពីព្រះរាជអាជ្ញាបានចុះធ្វើការចាប់ឱសថបំប៉នសុខភាព មិនមានចុះបញ្ជីការពីក្រសួងសុខាភិបាល ដែលជាឱសថផលិតនៅសហរដ្ឋអាមេរិកមានចំនួន ៤៥កេសមានទំងន់សរុប ១,៣០១ គីឡូក្រាម របស់លោកស្រី ជា ណារី ដែលដឹកជញ្ជូនតាមយន្តហោះ។

សូមបញ្ជាក់ថា ឱសថបំប៉នសុខភាពនេះ ត្រូវបានមន្ទីរសុខាភិបាលខេត្តសៀមរាប ដុតកម្ទេចចោលនៅទីលានចោលសំរាមរបស់ក្រុមហ៊ុនមួយ ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង៕