(កំពង់ធំ)៖ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងការរកាត់បន្ថយភាពក្រីក្រ និងការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងសម័យកូវីដ១៩ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានផ្តល់អំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៤០គ្រួសារ នៅខេត្តកំពង់ធំ ក្រោមវត្តមានលោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដោយមានការចូលរួមពីសមាជិក-សមាជិកាអង្គការដៃគូ អាជ្ញាធរដែនដី។

លោក គៀង សេងគី បានលើកឡើងថា កម្មវិធីនេះបានរៀបចំដោយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ មានការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU) សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) និងអង្គការអេដអាក់ស្យុង (AEA)។

លោកបានបន្តថា អង្គការទាំងអស់នេះបានជួយទៅលើគម្រោងដែលមានឈ្មោះថា គម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិរបស់ក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាន ដែលបានជួយទៅលើប្រជាពលរដ្ឋមានមុខរបរជួបការលំបាក និងការអនុវត្តមុខរបរខ្នាតតូច ដោយអនុវត្តទៅលើការចិញ្ចឹមសត្វ និងដាំបន្លែរួមទាំងជួយទៅដល់សិស្សក្រីក្រជាស្រី ដែលមានការលំបាកដោយធ្វើយ៉ាងណាឲ្យសិស្សស្រីបានសិក្សាឆ្លងផុតភូមិសិក្សា និងជួយទៅដល់ប្រជាពលរដ្ឋដែលមានជាភាពខ្វះខាតដោយសារផលប៉ះពាល់កូវីដ និងទម្រង់ការធ្វើអគារស្នាក់នៅរបស់គ្រូបង្រៀន អគារស្នាក់នៅរបស់គ្រូ និងសិស្សដែលមកពីឆ្ងាយ និងសាងសង់មជ្ឈមណ្ឌលសិក្សាសហគមន៍ពេញមួយជីវិតផងដែរ។

ជាក់ស្តែង គ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរា ទទួលបានអំណោយមនុស្សធម៌ពីសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈក្នុងសម័យកូវីដ១៩នេះ បើទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែន។

ជាមួយគ្នានោះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមាននូវជំងឺគ្រុនឈាមរឺជម្ងឺផ្សេងៗ។
ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វនិងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទម្លាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រ ដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។

លោក គៀង សេងគី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋសូមប្រើប្រាស់ស្បៀង ឱ្យចំគោលដៅទុកដាក់ឯកសារឲ្យបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវអប់រំកូនឱ្យជៀសឆ្ងាយពីគ្រឿងញៀន ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីបានថ្លែងអំណរគុណដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អង្គការដៃគូ និងរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្វះខាត ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលបានមានចំនួន ១៤០គ្រួសារ ក្នុងនោះមានស្រុកតាំងគោក ៣០គ្រួសារ ស្រុកបារាយណ៍ ៣០គ្រួសារ ស្រុកកំពង់ស្វាយ ៣០គ្រួសារ ស្រុកសន្ទុក ២០គ្រួសារ ស្រុកប្រាសាទសំបូរ ២០គ្រួសារ និងក្រុងស្ទឹងសែន ១០គ្រួសារ ដោយក្នុងមួយគ្រួសារមានអង្ករ ៥០គីឡូក្រាមមី ១កេស ប្រេងឆា ១ដប ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ម៉ាស ១ប្រអប់ មុង ១ ភួយ ១ និងសាប៊ូ ៤ដុំ៕