(កំពង់ធំ)៖ ផ្ទះទី១៩៧ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនលោកព្រិន្ទបាលឯក ហ៊ុន ធី អាយុ៥៤ឆ្នាំ ដែលជាអតីតយុទ្ធជនពិការរស់នៅភូមិអង្គសែនជ័យ ឃុំខ្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ការប្រគល់ផ្ទះខាងលើនេះ ធ្វើឡើងតាមរយៈទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកស្រុកសណ្តាន់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រោះអតីតយុទ្ធជនយើងបានរួមចំណែកយ៉ាងធំធេងជាមួយសម្ដេចតេជោក្នុងការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកព្រិន្ទបាលឯក ហ៊ុន ធី អាយុ៥៤ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៨៥ នៅអង្គភាពយោធាស្រុកសណ្តាន់ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការនៅឆ្នាំ១៩៨៩ ក្នុងសមរភូមិ នៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយលោក ហ៊ុន ធី មានភរិយាឈ្មោះ គង់ ណា អាយុ៥៦ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅក្នុងផ្ទះខ្ទមតូចចង្អៀត ដោយគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះសមរម្យនៅលើដីដែលគាត់មានដោយខ្លួនឯងបាន ដោយសារមានជីវភាពលំបាកខ្វះខាតទើបក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំសុំការសម្រេចសង់ផ្ទះថ្មីខ្នងទី១៩៧នេះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគាត់ដែលមានទំហំ ៦ម x៤ម សាងសង់ពីឈើខ្ពស់ផុតពីដី រនាប និងជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី និងជណ្ដើរកាច់។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ្រ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមានអង្ករចំនួន ៥០គីឡូក្រាម មីចំនួន ២កេស ត្រីខកំប៉ុងចំនួន ១យួរ ទឹកត្រីចំនួន ១យួរ ទឹកសុទ្ធចំនួន ២យួរ និងថវិកាមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ធជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីត១៩ ទោះបីបច្ចុប្បន្ននេះមានការថយចុះនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ក៏ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនពិការបាន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសាររួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ៕