(ក្រចេះ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះថា អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តដាក់ឲ្យដំណើរការខ្សែបញ្ជូន ១១៥គីឡូវ៉ុល មានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ភ្ជាប់ពីក្រុងកំពង់ចាម មកស្រុកព្រែកប្រសព្វ ព្រមទាំងអនុស្ថានីយអគ្គិសនីព្រែកប្រសព្វ ១១៥/២២គីឡូវ៉ុល កម្លាំង៥០MVA ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (ADF) ដែលផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាព នៃការផ្គត់ផ្គង់ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព។

គម្រោងនេះ ត្រូវបានសិក្សាត្រួតពិនិត្យសាងសង់ដោយវិស្វកររបស់អគ្គិសនីកម្ពុជា តាំងពីឆ្នាំ២០១៨ ដោយមានការជួយពីទីប្រឹក្សាបច្ចេកទេសអន្តរជាតិ របស់ក្រុមហ៊ុនអគ្គិសនីបារាំង (EDF) ហើយសាងសង់ដោយក្រុមហ៊ុនធំៗរបស់ប្រទេសចិន រួមមាន ZTT សម្រាប់ខ្សែបញ្ជូន 115kV និង TBEA សម្រាប់អនុស្ថានីយ។

គម្រោងនេះ មិនត្រឹមតែឲ្យយើងទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធជាតិបញ្ជូនអគ្គិសនីថ្មីប៉ុណ្ណោះទេ គឺបានផ្តល់និងផ្ទេរចំណេះដឹង (Capacity Building) ពីបណ្តាជំនាញបច្ចេកទេសដែលមានបទពិសោធន៍ខ្ពស់ទាំងពីប្រទេសបារាំង ក៏ដូចជាប្រទេសចិន ដល់វិស្វករ និងក្រុមហ៊ុនម៉ៅការសាងសង់បន្តរបស់ប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពសាងសង់ដោយខ្លួនឯងនៅពេលអនាគត។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបន្តថា ហេដ្ឋារចនាសម្ព័ន្ធជាតិដែលជាសមិទ្ធផលផ្លែផ្កាថ្មីបន្ថែមទៀតនេះ កើតចេញពីការសហការគ្នាយ៉ាងល្អ ពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលនឹងជួយពង្រីកវិសាលភាព ការផ្គត់ផ្គង់កាន់តែល្អប្រសើរ នាំប្រភពផ្គត់ផ្គង់ កាន់តែកៀកជូនដល់បងប្អូន នៅតំបន់ភាគឥសានបន្ថែមទៀត ដែលពីមុនយកប្រភពពីក្រុងកំពង់ចាម ចម្ងាយជាង ១០០ គីឡូមែត្រនិងក្រុងក្រចេះអូសបាតឆ្លងទន្លេ ដែលធ្វើឲ្យការផ្គត់ផ្គង់កន្លថមកពុំទាន់មានស្ថិរភាព។

អនុស្ថានីយនេះដែរ អាចផ្គត់ផ្គង់បន្ថែមផ្ទាល់ទៅស្រុកព្រែកប្រសព្វ ជួយទៅស្រុកសំបូរ ស្រុកស្ទឹងត្រង់ និងបម្រុងមួយផ្នែកសម្រាប់ជួយក្រុងក្រចេះវិញ ពេលមានបញ្ហារអាក់រអួលផ្សេងៗ។

លោកបន្តថា តាមរយៈខ្សែបញ្ជូននេះដែរ អគ្គិសនីកម្ពុជា បាននឹងកំពុងសាងសង់អនុស្ថានីយ១១៥/២២គីឡូវ៉ុល កម្លាំង៥០MVA ថែមមួយទៀត នៅក្នុងទីរួមស្រុកស្ទឹងត្រង់ ដើម្បីបង្កើនការផ្គត់ផ្គង់ទៅស្រុកស្ទឹងត្រង់ ចំការលើ និងបន្តមកស្រុកក្រូចឆ្មារ តាមស្ពានឆ្លងទន្លេមេគង្គថ្មី ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតំបន់នេះកំពុងមានការអភិវឌ្ឍន៍ខ្លាំង ជាពិសេសការដាំដុះដំណាំកសិឧស្សាហកម្ម ដែលនឹងទាក់ទាញ អ្នកវិនិយោគកាន់តែច្រើនថែមទៀត រួមនិងឱកាសការងារផ្សេងៗ ដើម្បីជួយបង្កើនចំណូលប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕