(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលអំណោយជាសម្ភារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងឧបភោគបរិភោគ មួយចំនួនទៀតពីក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក។

ពិធីប្រគល់ទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី LU JINGYI តំណាងក្រុមហ៊ុន មីងសឹងគ្រុប ឯ.ក នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងពិធីជួបសំណេះសំណាល និងទទួលអំណោយនេះមានសម្ភាររួមមាន៖ អាវពេទ្យចំនួន ២០០,០០០សម្រាប់, ម៉ាសចំនួន ៦០,០០០បន្ទះ, អង្ករ ៦តោន, មី ១២០០កេស, ភេសជ្ជៈ១២០០កេស និងទឹកស៊ីអ៊ីវ ១២០០យួរ។

លោកស្រីអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន មីង សឹង គ្រុប ដែលបាននាំយកនូវអំណោយ សប្បុរសធម៌ជូនកាកបាទក្រហមកម្ពុជានាពេលនេះ ដែលអំណោយជាស្បៀង និងសម្ភារទាំងអស់នេះ ក្នុងការរួមចំណែក កាត់បន្ថយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋងាយរងគ្រោះកម្ពុជា ដែលកំពុងរងផលប៉ះពាល់ ដោយការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រី LU JINGYI ក៏បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន មានឱកាសបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។

លោកស្រី បានថ្លែងបន្តថា នាពេលអនាគត ក្រុមហ៊ុននឹងបន្តជួយដល់កាកបាទក្រហមកម្ពុជា ហើយនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្ថារសដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩។

សូមជម្រាបថា សម្រាប់សម្លៀកបំពាក់សុវត្ថិភាពរបស់គ្រូពេទ្យ កាកបាទក្រហមកម្ពុជា បានផ្តល់ជូនបន្ត ដល់ក្រសួងសុខាភិបាលភ្លាមៗផងដែរ ក្រោមវត្តមានរបស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក សុខ សំអាង អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ។

សម្រាប់ម៉ាស និងសម្ភារផ្សេងទៀត កាកបាទក្រហមកម្ពុជា នឹងបន្តផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តទាំង២៥ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕