(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មានពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងច្រកអន្តរជាតិជាំ មានចំនួនសរុប៩៨,៤៧២នាក់ ក្នុងនោះស្រីមានចំនួន៤៤,០៦៩នាក់។

ការបញ្ជាក់ឱ្យដឹងបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្ត តាមប្រព័ន្ធវីដេអូរ ZOOM នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ប៉ែន កុសល្យ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំនួនពលករចំណាកស្រុកមកពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់ និងច្រកអន្តរជាតិជាំ សរុប៩៨,៤៧២នាក់នេះ គឺយើងគិតចាប់តាំងពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ គិតត្រឹមម៉ោង០៤៖៣០នាទីល្ងាច។ ដោយឡែកសម្រាប់ការងារចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាពលរដ្ឋ ១៩៣,០១៣នាក់ ទូទាំងខេត្ត បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានចំនួនជាង ១៦មុឺននាក់ ស្មើ៨០% ហើយ»

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងថា ស្របជាមួយនឹងការធ្វើចំណាកស្រុករបស់ពលករមកពីប្រទេសថៃ មានចំនួនច្រើន អាជ្ញាធរខេត្តបានរៀបចំមណ្ឌលធ្វើចត្តាឡីស័ក សរុបចំនួន២០ទីតាំង និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ចំនួន ១៣ទីតាំងផងដែរ។

លោកបានគូសបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដ១៩ ចំនួន៧,១៤១នាក់ ករណីនាំចូលពីបរទេសចំនួន ៥,៧៧១នាក់ ករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ចំនួន១,៣៧០នាក់ បានព្យាបាលជាសះស្បើយក្នុងខេត្តចំនួន ៣,៤៦០នាក់ និងកំពុងសម្រាកព្យាបាលក្នុងខេត្តចំនួន ៤,៩៥៧នាក់ និងស្លាប់ចំនួន១៤នាក់។

លោក ប៉ែន កុសល្យ ក៏បានអរគុណដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីសុខាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋានតាម ក្រុង ស្រុកទាំង៥ និងតាមឃុំ សង្កាត់នានា ដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ បានយកអស់កម្លាំងកាយចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលខេត្ត ក្នុងទប់ស្កាត់ការការឆ្លងរាលដាលជំងឺកូវីដ១៩។

លោកក៏បានណែនាំបន្ថែមឱ្យយកចិត្តទុកដាក់បន្ថែមទៀត អនុវត្តន៍ឱ្យមានប្រសិទ្ធភាព រាល់បទបញ្ជារបស់រាជរដ្ឋាភិបាលនិងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក្នុងការបន្តអនុវត្តន៍វិធានការរដ្ឋបាល និងសម្រេចបិទខ្ទប់បណ្តោះអាសន្នទីតាំងដែលពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ១៩៕