(ភ្នំពេញ)៖ អតីតព្រះចៅអធិការវត្តវង្សគតបុរីសេរីភ្នំពេញ ប៉ាង សុដា បានទទួលស្គាល់កំហុសថា ខ្លួនពិតជាមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនាពិតប្រាកដមែន ហើយលោកសម្រេចថាលោកនឹងមិនវិលទៅសាងផ្នួសជាថ្មីនោះទេ។

អតីតព្រះចៅអធិការ ប៉ាង សុដា បានចេញមកបំភ្លឺបែបនេះដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីមានការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនលើកឡើងថា អាជ្ញាធរបានចាប់អតីតអតីតសងខ្មែរកម្ពុជាក្រោម ប៉ាង សុដា ផ្សឹក ហើយផ្សព្វផ្សាយទៀតថា ដោះលែងវិញដោយរកកំហុសមិនឃើញជាដើម។

ក្នុងកិច្ចសម្ភាសជាមួយ Fresh News លោក ប៉ាង សុដា បានលើកឡើងថា «ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបាទ ចូលមកនេះ ដើម្បីបំភ្លឺនូវកិច្ចទាំងអស់តាមសារព័ត៌មាន ដែលប្រកាសផ្សព្វផ្សាយកន្លងមកនេះ គឺជារឿងមិនពិត ត្បិតទូលព្រះបង្គខ្ញុំបាទនេះ បានប្រព្រឹត្ត អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាអញ្ចឹងមែន»

លោកបានបន្ថែមថា «ដើម្បីឆ្លើយតបទៅនឹងកំហុសខ្លួនឯង គឺថាខ្ញុំសុំផ្សឹកតែម្តង ហើយក៏អត់មានការបួសមកវិញទេ ដោយកន្លងទៅសហគមន៍ខ្មែរកម្ពុជាក្រោមបានលើកឡើងថា ទូលព្រះបង្គំខ្ញុំបានបួសមកវិញហើយ ការពិតអត់មានទេ»

អតីតព្រះចៅអធិការ ប៉ាង សុដា បានស្នើសុំឱ្យសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងនៃការបំភ្លឺរបស់ អតីតព្រះចៅអធិការ ប៉ាង សុដា៖