(ភ្នំពេញ)៖ ថ្នាក់ដឹកនំាកីឡាមកពី៤៧សហព័ន្ធរបស់កម្ពុជា មានទាំងគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីប្រមាណ ៣៤០០នាក់ ត្រៀមជួបសំណេះសំណាល និងបរិភោគអាហារល្ងាច ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជានាថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខ ដើម្បីអបអរមុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រោមការរៀបចំរបស់ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ការជួបជុំត្រៀមក្នុងពហុកីឡដ្ឋាននារសៀលថ្ងៃទី៣១ ខែមីនានេះដែរលោក ថោង ខុន ប្រធាន NOCC បានថ្លែងឲ្យដឹងថា «ពិធីជួបជុំប្រមុខថ្នាក់ដឹកនាំនេះដែរ ជាឱកាសដ៏ល្អមួយសម្រាប់អត្តពលិកកម្ពុជាក្នុងការទទួលបានអនុសាសន៍ល្អពី សម្តេចតេជោ ហ៊ុន សែន ដើម្បីអភិវឌ្ឍន៍ក្នុងការចូលរួមប្រកួត​ នៅលើឆាកអន្តរជាតិនានា ជាពិសេសត្រៀមប្រកួត SEA Games ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះផងដែរ»

សូមបញ្ជាក់ដែរថា នេះជាការជួបជុំធំលើកទី១ សម្រាប់អត្តពលិកកម្ពុជាគ្រប់រូប ដែលពីមុនមកក៏តែងតែជួបសម្តេចតេជោ ហ៊ុន សែន ដូចគ្នានៅវិមានសន្តិភាព មុន និងក្រោយចេញទៅប្រកួតក្នុងព្រឹត្តិការណ៍នានាលើឆាកអន្តរជាតិ ដើម្បីទទួលបានមតិផ្តាំផ្ញើ និងលើកទឹកចិត្តផ្សេងៗក្នុងការឈានទៅរកមេដាយជូនជាតិ និងសេចក្តីថ្លៃថ្នូរថែមទៀតផង ។

ក្នុងពិធីជួបជុំថ្ងៃទី៤ មេសានោះដែរ អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន ក៏បានឲ្យដែរថា «ក្រសួងអប់រំ និង NOCC បានត្រៀមរថយន្តដឹកនាំជិត៥០គ្រឿង ដោយនឹងចាប់ផ្តើមចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាទី កន្លែងជួបជុំគ្នា មុនពិធីចាប់ផ្តើមនាម៉ោង៥៖០០នាទីល្ងាចនៅកោះពេជ្រ»

សូមរំលឹកដែរថា កាលពីថ្ងៃទី៨ មីនាកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសរើសយកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ដើម្បីរៀបចំកម្មវិធីជប់លៀងដ៏ធំមួយ សម្រាប់មហាគ្រួសារកីឡាជាតិ ក្នុងការទទួលទានអាហាររួមគ្នាជាមួយ មន្ដ្រី កីឡាជំនាញ និងកីឡាករ-កីឡាការិនីទូទាំងប្រទេស នៅកោះពេជ្រ ដើម្បីផ្តល់នូវការគាំទ្រ និងភាពកក់ក្តៅដល់ បងប្អូនអត្តពលិកទាំងអស់ និងកំណត់ទិសដៅឆ្ពោះទៅកីឡា SEA Games ឆ្នាំ២០២៣៕

Advertising