(បាត់ដំបង)៖ ក្រុមការងារទិញមៀនក្រអូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តចុះទិញមៀននៅតាមចម្ការ និងតាមផ្ទះប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។ ការបន្តចុះទិញមៀននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ នៅភូមិជាមន្ត្រីឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដឹកនាំដោយតំណាងក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា, លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការកងយោធពលភូមិភាគទី៥ ថ្នាក់ដឹកនាំមន្ទីរនានាជុំខេត្តរដ្ឋបាលស្រុក មន្រ្តីរាជការ និងអាជ្ញធរមូលដ្ឋានចូលរួមផង។

ផ្លែមៀន និងតាង៉ែន នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន កំពុងជួបបញ្ហាខ្វះទីផ្សារ។ ការខ្វះទីផ្សារនេះក៏ព្រោះតែវិបត្តិជំងឺកូវីដ១៩ ដែលផ្សារជាច្រើនត្រូវបានរឹតត្បិតក្នុងការលក់ដូរ ឬបិទតែម្តង។ មួយវិញទៀត ទីផ្សារនៅប្រទេសថៃ ដែលធ្លាប់តែទទួលទិញ ក៏ត្រូវបានបិទ ព្រោះតែវិបត្តិជំងឺកូវីដ១៩នេះផងដែរ។

សូមជម្រាបថា ដោយមានការណែនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន «ឡេង ណាវ៉ាត្រា» កាលពីព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១ថ្មីៗនេះ បានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែន របស់ប្រជាកសិករដែលកំពុងខ្វះទីផ្សារ។

ដូច្នេះ ដើម្បីជួយរកទីផ្សារ និងរំលែកការខាតបង់របស់ម្ចាស់ចម្ការមៀន និងតាង៉ែនក្នុងខេត្តបាត់ដំបង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងបង្កើតយុទ្ធនាការប្រមូលទិញផ្លែមៀន និងតាង៉ែនទាំងអស់នោះ មកចែកចាយនៅក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្ត តម្លៃត្រឹមតែ ១៩០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។

សម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ជាកិត្តិយសដ៏ធំធេងរបស់លោក ដែលបានរួមចំណែកជួយរំលែកការលំបាករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចុះមកប្រមូលទិញផ្លែមៀនក្រអូប-តាង៉ែនពីប្រជាកសិករនាពេលនេះ។ អ្នកឧកញ៉ា ដែលមានងារជា «ឧកញ៉ាបេះដូងសាគរមនុស្សធម៌» នេះ ក៏បានបង្ហាញនូវក្តីរីករាយក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាកសិករផងដែរ។

ផ្លែមៀន-តាង៉ែន របស់ប្រជាពលរដ្ឋកម្ពុជាស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន មានសេចក្តីរាយការណ៍ត្រូវជាប់គាំងខ្វះទីផ្សារប្រមាណជាង ៥ម៉ឺនតោន នៅក្នុងឆ្នាំ២០២១នេះ ដោយសារតែប្រទេសថៃបិទការនាំចូល។ ដើម្បីសម្រួលកុំឱ្យប្រជាពលរដ្ឋជាម្ចាស់ចម្ការមៀនខាតបង់ថវិកា ដែលបានវិនិយោគលើការដាំដុះនោះ កាលពីដើមខែសីហាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រើថវិកាផ្ទាល់ខ្លួនប្រមូលទិញផ្លែមៀន-តាង៉ែន ដែលអាចប្រមូលផលបានម្តងមកហើយ។ ផ្លែមៀន និងតាង៉ែននេះ ទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ហើយនាំគ្នាជួយទិញ ដើម្បីជាការរួមចំណែកជួយដល់កសិករជាម្ចាស់ចម្ការ៕