(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសពីសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។

ការប្រកាសនេះធ្វើឡើងតាមរយៈកិច្ចប្រជុំលើកទី១ តាមប្រព័ន្ធអនឡាញ (Zoom) នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះតែម្ដង ដោយទទួលបានលទ្ធផល៖

១៖ បានប្រកាសជាផ្លូវការសមាសភាពក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២។

២៖ បានប្រកាសជាផ្លូវការសមាសភាពអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី២ ចំនួន ២រូប៖

* លោក គឹម ចាន់សំណាង ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត

* លោកឧកញ៉ា ណាង សុធី ជាអនុប្រធានតំណាងអង្គការវិជ្ជាជីវៈរបស់និយោជក។

៣៖ បានធ្វើបទបង្ហាញអំពីបច្ចុប្បន្នភាពស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២។

៤៖ បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានលើកឡើងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគីក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងទទួលបានការទទួលស្គាល់ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធថា ជាយន្តការដ៏គំរូមួយប្រកបដោយតម្លាភាព និងមានការចូល រួមពីគ្រប់ភាគី ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករនិយោជិត។

លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ទោះបីជាយន្តការត្រីភាគីនេះទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមកក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងកែលម្អយន្តការនេះជាប្រចាំដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

យោងតាម អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងរបាយការណ៍ស្តីពី ប្រាក់ឈ្នួលនៅលើពិភពលោក ឆ្នាំ២០២០-២០២១ បានផ្តល់អនុសាសន៍ថា៖ «ការកែសម្រួលប្រាក់ឈ្នួលទាមទារឲ្យមានការរក្សាតុល្យភាព និងធានាដល់ការរក្សាបានការងារ និងស្ថិរភាពរបស់រោងចក្រសហគ្រាស និងរក្សាបាននូវប្រាក់ចំណូលសម្រាប់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ»។ ហេតុដូច្នេះ ការពិចារណាលើអនុសាសន៍របស់ ILO ជាការចាំបាច់ ដើម្បីរក្សាការងាររបស់កម្មករ និងការបង្កើតឱកាសការងារដល់យុវជន ដែលដល់អាយុនឹងចូលទីផ្សារការងារ ពីព្រោះការបញ្ចប់វិបត្តិកូវីដ-១៩ នៅពេលអនាគតខាងមុខ មិនទាន់មានពន្លឺនៅឡើយ ស្របពេលមានការផ្ទុះឡើងជាបន្តបន្ទាប់នូវវីរុសបំប្លែងខ្លួនថ្មី ដែលនាំឲ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការចម្លង។

គួររឭកថា ចាប់ពីឆ្នាំ២០១៩ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ) ដែលជាយន្តការត្រីភាគី ដែលមានសំឡេងស្មើៗគ្នាពីគ្រប់ភាគី (១៧-១៧-១៧) ត្រូវបានបង្កើតឡើង ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបមា។ ជាលទ្ធផល កាលពីអាណត្តិទី១ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំចំនួន២០លើក នៅក្នុងឆ្នាំ២០១៩ និងចំនួន១១លើក នៅក្នុងឆ្នាំ២០២០ ដោយបានកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២០ ចំនួន ១៩០ ដុល្លារអាម៉េរិក/ខែ និងឆ្នាំ២០២១ ចំនួន ១៩២ ដុល្លារអាម៉េរិក/ខែ។ ដូចនេះនៅក្នុងឆ្នាំ២០២១ ប្រសិនបើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី ២០៩ ទៅ ២២០ ដុល្លារអាម៉េរិកក្នុងមួយខែ។

ទោះបីជាយ៉ាងណា ការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ នៅកម្ពុជាធ្វើឡើងនៅពេលដែលសាកលលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងផ្សេងទៀតមិនមានការប្រែប្រួល ប្រាក់ឈ្នួលអប្បបរមានោះទេ។

លោករដ្ឋមន្រ្តីបានកំណត់ថ្ងៃទី១៤ ទី២១ និងទី២៨ ខែកញ្ញា សម្រាប់កិច្ចប្រជុំបន្តបន្ទាប់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងតាមរយៈប្រព័ន្ធអនឡាញ ស្របតាមសំណូមពរ និងស្ថានភាពជាក់ស្តែងនៃសមាជិក សមាជិការបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្វើយ៉ាងណាត្រូវបញ្ចប់កិច្ចប្រជុំមុនពិធីបុណ្យភ្ជុំបិណ្ឌនៅពេលខាងមុខ៕

ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ក្រសួងការងារ៖