(ភ្នំពេញ)៖ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឬស្សីកែវ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពសាលាបឋមសិក្សា និងវិទ្យាល័យឬស្សីកែវ ដើម្បីត្រៀមបើកដំណើរការសិក្សាឡើងវិញ ក្នុងពេលខាងមុខ បន្ទាប់ពីបានបិទ និងបានផ្លាស់ប្ដូរការសិក្សាតាមប្រព័ន្ធអនឡាញ ក្នុងរយៈពេលជាច្រើនខែកន្លងមក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលឆ្លងនៃជម្ងឺកូវីដ១៩។

ការចុះពិនិត្យស្ថានភាពសាលាបឋមសិក្សា និងវិទ្យាល័យឬស្សីកែវ ដើម្បីត្រៀមបើកដំណើរការសិក្សាឡើងវិញនេះ ត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីលោក ជុំ បាយ័នវិបុល និងលោកអភិបាលខណ្ឌ ឯក ឃុនដឿន រួមជាមួយលោក-លោកស្រីអភិបាលរងខណ្ឌ អមដំណើរដោយមន្ត្រីរាជការក្រោមឱវាទ បាននាំយកទៀនព្រះវស្សា និងទេយ្យទានមានជាសម្ភារមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ជាបន្តបន្ទាប់ នៅវត្តចំនួន៥ ក្នុងមូលដ្ឋានខណ្ឌ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន និងលោក ជុំ បាយ័នវិបុល, ក្រៅពីប្រគេនទៀនព្រះវស្សា និងទេយ្យទានមានជាសម្ភារមួយចំនួន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាជាបន្តបន្ទាប់ដល់វត្តចំនួន៥វត្ត ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា, លោកក៏បានឆ្លៀតឱកាស សំណេះសំណាល សួរសុខទុក្ខ និងប្រគេនបច្ច័យដល់គណ:កម្មាធិការ អាចារ្យវត្ត យាយជី តាជី សីលវន្ត សីលវត្តី ផងដែរ។

សូមជម្រាបថា សម្រាបទេយ្យទាន ដែលក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ នាំយកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា និងយាយជីតាជី ក្រៅពីបច្ច័យ រួមមាន៖ ទៀនព្រះវស្សា, អង្ករ, មី, ទឹកស៊ីអ៉ីវ, ត្រីខ, សាប៊ូ និងម៉ាសផងដែរ ដល់វត្តចំនួន៥ រួមមាន៖ (វត្តឧត្តរាវត្តី-វត្តទួលសន្តិវ័ន្ដ-វត្តញាណរង្ស៉ី-វត្តទួលសុវណ្ណរាម-វត្តកោះមេត្តាពោធិ៍វង្ស)៕