(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានប្រគល់ស្បៀង និងសម្ភារពេទ្យ ព្រមទាំងថវិកាជូនដល់លោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករងមន្ទីរពេទ្យព្រះកេតុមាលា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងកោតសរសើរដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ និងទទួលបានលទ្ធផលល្អនាពេលកន្លងមក ក៏ដូចជាការងារស្នូល និងក៏ដូចជាការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា អំណោយដែលបានផ្តល់ជូនក្នុងថ្ងៃនេះ គឺទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន The New Venetian Casino & Hotel ដែលជាវិស័យឯកជន បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្រាលបន្ទុករបស់មន្ទីរពេទ្យព្រះកេតុមាលា ក្នុងសកម្មភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ ក៏បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជានិច្ចកាលតែងតែបានបានផ្តល់សម្ភារៈជួយដល់មន្ទីរពេទ្យ។

អំណោយនាពេលនេះរួមមាន៖ អង្ករ ៥០០គីឡូក្រាម ម៉ាស់ ៥កេសធំ មី ២០កេសតូច ទឹកសុទ្ធ ២០កេស អាវពេទ្យ PPE ១០០អាវ អាល់កុល ៥កាន និងថវិកាមួយចំនួន៕