(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទអាស្ត្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល (AstraZeneca) ដូសទី១ និងដូសទី២ រួចរាល់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សូមរំឭកដែរថា លក្ខខណ្ឌសម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងអាស្ត្រាហ្សេនីកា អំឡុងពេលនេះបាន គឺជាប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ និងបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ នឹងដូសទី២ រួចរាល់ ហើយត្រូវមានគម្លាតពី ៤ខែ ទៅ៦ខែ បន្ទាប់ពីដូសទី១។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «តាមរយៈអនុគណៈកម្មការចំពោះកិច្ច ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងមូលដ្ឋានខេត្តកណ្តាល បានរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ប្រភេទ អាស្ត្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល តាមកាលបរិច្ឆេទចាប់ពីថ្ងៃទី០៦ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ និងពេលវេលាចាប់ម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីរសៀល»

រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា ទីតាំងដែលអាជ្ញាធរបានរៀបចំសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣នេះរួមមាន៖

១៖ ក្រុងតាខ្មៅ នៅមន្ទីរពេទ្យបង្អែក ជ័យជំនះ
២៖ ស្រុកកណ្ដាលស្ទឹង នៅមន្ទីរពេទ្យបង្អែក កណ្ដាលស្ទឹង
៣៖ ស្រុកកៀនស្វាយ នៅមន្ទីរពេទ្យបង្អែក កៀនស្វាយ
៤៖ ស្រុកខ្សាច់កណ្ដាល នៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល
៥៖ ស្រុកកោះធំ នៅមន្ទីរពេទ្យបង្អែក កោះធំ
៦៖ ស្រុកលើកដែក នៅមន្ទីរពេទ្យបង្អែក លើកដែក
៧៖ ស្រុកល្វាឯម នៅមន្ទីរពេទ្យបង្អែក ល្វាឯម
៨៖ ស្រុកមុខកំពូល នៅមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុន សែន រកាកោង
៩៖ ស្រុកអង្គស្នួល នៅមន្ទីរពេទ្យបង្អែក អង្គស្នួល
១០៖ ស្រុកពញាឮ នៅមន្ទីរពេទ្យបង្អែក ពញាឮ
១១៖ ស្រុកស្អាង នៅមន្ទីរពេទ្យបង្អែក ស្អាង។

រដ្ឋបាលខេត្ដ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩ អាស្ត្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣នេះ ឱ្យបានគ្រប់ៗគ្នា កុំបីខានតាមកាលបរិច្ឆេទ ពេលវេលា ទីតាំង និងលក្ខខណ្ឌកំណត់ជូនខាងលើ ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

* ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩
* ឯកសារសម្គាល់ខ្លួន ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន ឬឯកសារប្រើប្រាស់ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី១។

រដ្ឋបាលខេត្តបញ្ជាក់ដែរថា នាពេលកន្លងមក រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង និងដំណើរការរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងក្រុមមន្ត្រីជួរមុខ ទាំងអស់ដែលជាគោលដៅអាទិភាព ក្នុងក្របខណ្ឌខេត្តកណ្តាល ដោយសម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញនូវ «គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ» ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដើម្បីបង្កើតឱ្យបាន ឆាប់រហ័សនូវ «ភាពស៊ាំក្នុងសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិត ប្រជាជនពីមេរោគកូវីដ១៩ ពិសេស ប្រភេទបំប្លែងថ្មី Delta តាមរយៈការសម្របសម្រួលរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលត្រូវទៅទទួលយកការចាក់វ៉ាក់សាំង កូវីដ.១៩(អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ត្រូវរក្សាឱ្យបាននូវគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាស់ តម្រង់ជួរ ជៀសវាងការឈរប្រជ្រៀតគ្នា ដោយប្រកាន់ខ្ជាប់ក្នុងការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ ហ៊ុន សែន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកណ្ដាល៖