(កំពត)៖ លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្ត ព្រមទាំងដឹកនាំ មន្ត្រីរាជការ កងកម្លាំង សមាជិកក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមក្នុងខេត្ត ធ្វើពិធីបញ្ចុះបឋមសីលាសាងសង់បុស្បុក តម្កល់រូបសំណាកព្រះសពព្រះពុទ្ធវង្ស ឯម ភឿង អតីតព្រះមេគណខេត្តកំពត ដើម្បីការនឹករលឹកដឹងគុណ និងបានជាមរតកមួយដ៏មានតម្លៃទុកជាទីគោរពសក្ការៈបូជារបស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។

កម្មពិធីនេះធ្វើឡើង នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ នៅវត្តជុំគ្រៀល ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនោះ ព្រះតេជគុណ ញ៉ែត ចន្ទតារា ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តជុំក្រៀល បានមានសង្ឃដីកា ឱ្យដឹងអំពីគម្រោងនៃការសាងសង់ សំណង់បុស្បុកតម្កល់រូបសំណាកនេះ គឺមានខឿនក្រោម ទំហំ៨.៤០ម៉ែត្រ គុណនឹង៨.៤០ម៉ែត្រ និងតួបុស្បុក មានទំហំ ៣.៣៦ម៉ែត្រ គុណនឹង៣.៣៦ម៉ែត្រ មានកម្ពស់១២.១៥ម៉ែត្រ។ រីឯចំណែករូបសំណាកវិញ ធ្វើអំពីស្ពាន់ទ្រង់ព្រះភ្នែន មានទំហំ១.២០ម៉ែត្រ ដែលសំណង់ទាំងពីរនេះ ត្រូវចំណាយថវិកាអស់ចំនួនប្រមាណ ៤៥,០០០ដុល្លារ។

លោក ជាវ តាយ បានថ្លែងអំណរគុណ កោតសសើរ ដល់ទឹកចិត្តដ៏ប្រពៃប្រកបដោយជ្រះថ្លា ក្នុងផ្លូវគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និងសប្បុរសជននានា ដែលបានចូលរួម បច្ច័យក្នុងការកសាង បុស្បុកតម្កល់រូបសំណាកព្រះសព ព្រះពុទ្ធវង្ស ឯម ភឿង អតីតព្រះមេគណខេត្តកំពត ដើម្បីបានជាមរតកមានតម្លៃមួយ ទុកជាទីគោរពសក្ការបូជា របស់ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន។ លោកអភិបាលខេត្ត ក៏បានឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពី សទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ និងសប្បុរសជន ឱ្យទទួលបាននូវ ចំរុងចំរើន និងភាពជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា។

លោក ជាវ តាយ បានអំពាវនាវនឹងជំរុញឱ្យប្រជាពលរដ្ឋចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួន តាមការអំពាវនាវណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីយើងរួមគ្នាបង្ការទប់ស្កាត់ និងកាត់ផ្ដាច់ជំងឺដ៏កាចសាហាវនេះកុំឱ្យចូលក្នុងសហគមន៍បន្តទៀត។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ជាវ តាយ ក៏បានចូលរួមបច្ច័យបង្គ្រប់ចំនួន ១ម៉ឺនដុល្លារ លើបច្ច័យដែលប្រមូលបានក្នុងពិធីនេះ មានចំនួន ៥លាន៥៥ ម៉ឺនរៀល ព្រមទាំងបានជូនថវិកា សរុបចំនួន ១,៨០០,០០០រៀល ជូនដល់តាជី យាយជី ចំនួន៥៦នាក់ ក្នុងម្នាក់ៗថវិកា ២០,០០០រៀល ស្មើរ១,១២០,០០០៛ និងកងកម្លាំងមានចំនួន ៣៤នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល ស្មើ៦៨,០០០រៀល៕