(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងរដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកដល់ប្រជាពលរដ្ឋអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងមាតាបិតា-អាណាព្យាបាលរបស់កុមារ និងយុវជនមានអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ប្រញាប់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យថា ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ និងការអនុវត្តបន្តនូវគោល នយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ សំដៅបង្កើតឱ្យបាន ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ក៏ដូចជាដើម្បីត្រៀមលក្ខណៈសម្រាប់ការរស់នៅជាមួយជំងឺកូវីដ១៩ តាមបែបគន្លងប្រក្រតីភាពថ្មីឈានឆ្ពោះទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក ដូចខាងក្រោម៖

ទី១៖ ចំពោះបងប្អូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ហើយ សូមអញ្ជើញមកទទួលវ៉ាក់សាំងដូសទី២ រៀងរាល់ម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីរសៀល តាមកាលបរិច្ឆេទដែលបានកំណត់ក្នុងបណ្ណចាក់វ៉ាក់សាំង នៅតាមទីតាំងដែលខ្លួន បានអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ នាពេលកន្លងមក។

ទី២៖ ចំពោះកុមារ និងយុវជនមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានទទួលវ៉ាក់សាំងដូសទី១ រួចរាល់ហើយ សូមមាតាបិតា ឬអាណាព្យាបាល នាំយកបុត្រធីតារបស់លោកអ្នក ទៅទទួលវ៉ាក់សាំងដូសទី២ រៀងរាល់ម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីរសៀល តាមកាលបរិច្ឆេទដែលបានកំណត់ ក្នុងបណ្ណចាក់វ៉ាក់សាំង នៅតាមទីតាំងដែលបានអញ្ជើញមកទទូលវ៉ាក់សាំងដូសទី១ នាពេលកន្លងមក។

ទី៣៖ ចំពោះបងប្អូនប្រជាពលរដ្ឋមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ និងកុមារ-យុវជនមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលមិនទាន់បានទទួលវ៉ាក់សាំងដូសទី១ សូមបងប្អូនប្រជាពលរដ្ឋ និងមាតាបិតា ឬអាណាព្យាបាល មេត្តារួសរាន់អញ្ជើញមក ឬ នាំយកបុត្រធីតាលោកអ្នកមកទទួលវ៉ាក់សាំងរៀងរាល់ម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីរសៀល នៅតាមទីតាំងមន្ទីរពេទ្យបង្អែក ចំនួន ០៨ទីតាំងរួមមាន៖

* មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ផ្លូវលេខ ១៣៤ កែងផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា
* មន្ទីរពេទ្យបង្អែកចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ
* មន្ទីរពេទ្យបង្អែកដង្កោ ផ្លូវលេខ ២១៧ ភូមិ សង្កាត់ដង្កោ ខណ្ឌដង្កោ
* មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ | ផ្លូវសែនសុខ៥ ភូមិសែនសុខទី៥ សង្កាត់ឬញ ខណ្ឌសែនសុខ
* មន្ទីរពេទ្យបង្អែកច្បារអំពៅ ផ្លូវលេខ៣៦១ កែងផ្លូវលេខ ៦៣៨ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ
* មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ផ្លូវលេខ ៥៦K ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ
* មន្ទីរពេទ្យបង្អែកព្រែកព្នៅ ភូមិពោធីមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ
* មន្ទីរពេទ្យបង្អែកសម្តេចឪ-សម្តេចម៉ែ ផ្លូវជាតិលេខ ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ

ទី៤៖ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋដែលជាសហព័ទ្ធ (ស្វាមី ឬ ភរិយា) របស់មន្ត្រីបម្រើសេវាសាធារណៈ ជួរមុខនៃរដ្ឋបាលរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ ឆ្នាំឡើងទៅ ដែលបានចាក់វ៉ាក់សាំងកូវសែល (AstraZeneca) ដូសទី១ និងដូសទី២ រួចរាល់នៅរាជធានីភ្នំពេញ សូមអញ្ជើញរួសរាន់ទៅទទួលវ៉ាក់សាំងអាស្គានីកា (AstraZeneca) ដូសទី៣ ឬ ដូសជំរុញ ឱ្យបានទាន់ពេលវេលាទៅតាមកម្មវិធី និងទីកន្លែងដែលបានកំណត់ជូន ដូចមានខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងលេខ ០៦៩/២១ សជណ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ មុនពេលអញ្ជើញទៅទទួលវ៉ាក់សាំង ចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាពដូចជា ក្តៅខ្លួន ក្អក-កណ្តាស់ ផ្តាសាយ ពិបាកដកដង្ហើម ឬរោគសញ្ញាផ្សេងទៀត សូមប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាព និងលទ្ធផលតេស្តអវិជ្ជមាន ស្របតាមគោលការណ៍ណែនាំប្រតិបត្តិរបស់ក្រសួងសុខាភិបាល ឬ អញ្ជើញទៅយកសំណាកវិភាគរកមេរោគកូវីដ១៩ នៅតាមទីតាំងយកសំណាករបស់រដ្ឋ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត។

ជាមួយគ្នានេះ ក្នុងអំឡុងពេលអញ្ជើញមកទទួលវ៉ាក់សាំង សូមបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕