(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានក្រុមសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារ តាមប្រព័ន្ធអនឡាញ ដើម្បីសិក្សា និងតាក់តែងសេចក្តីព្រាងតួនាទី និងភារកិច្ច របៀបរបបធ្វើការរបស់ក្រុមសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ បានផ្តោតការពិភាក្សាលើភារកិច្ចរបស់ក្រុមការងារដែលត្រូវរៀបចំព្រាងលិខិតបទដ្ឋានចាំបាច់ដើម្បីកំណត់របៀបរបធ្វើការងាររបស់ក្រុមសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ក្រោយពីទទួលបានការតែងតាំងរួចមក។

ក្រុមការងារសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ដោយមានសមាជិករដ្ឋសភាអាយុត្រឹម៥០ឆ្នាំចុះ ដើម្បីដឹកនាំការងារចូលរួមសកម្មភាពនានា ជាមួយសមាជិកសភាវ័យក្មេងនៃបណ្តាប្រទេសជាមិត្ត ក្នុងនីតិកាលទី០៦ នៃរដ្ឋសភានេះ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ឱ្យដឹងថា ការបង្កើតក្រុមសមាជិកសភាវ័យក្មេងកម្ពុជា ធ្វើឡើងតាមសេចក្តីសម្រេចរបស់សភាអាស៊ាន ដោយកំណត់យកសមាជិករដ្ឋសភាដែលមានអាយុត្រឹម៥០ឆ្នាំចុះ។ លោកថ្លែងថា សមាជិកសភាវ័យក្មេងរបស់កម្ពុជានៅពេលនេះ នៅមានចំនួនតិចតួចនៅឡើយទេ៕