(ភ្នំពេញ)៖ កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថី ឈ្នះឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាយ៉ាងមមាញឹក ដើម្បីត្រៀមទទួលប្រកួតកីឡាស៊ីហ្គេម នៅចុងឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

ដើម្បីជំរុញការងារ នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះឲ្យបានលឿន ទៅតាមគម្រោង ដែលបានគ្រោងទុកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាមួយ ទៅលើបញ្ហាបច្ចេកទេសនិងផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋនៃគម្រោងស្ថាបនាផ្លូវទាំងពីរខ្សែនេះ។

លោក ឃួង ស្រេង ដែលត្រូវជាប្រធានគណៈកម្មការដឹកនាំនៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេស ដែលដឹកនាំដោយលោកអភិបាលរងរាជធានី និងលោក មាន ចាន់យ៉ាដា ដែលជាអនុគណៈកម្មការ ដោះស្រាយផលប៉ះពាល់ ត្រូវអនុវត្តការងារនេះ ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារ នៃការស្ថាបនាផ្លូវអនុវត្តការងារឲ្យបានលឿន មិនមានការរាំងស្ទះ។ ចំពោះផលប៉ះពាល់នៃការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ ៦អា រហូតដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្នុង១ខ្សែៗ មានប្រវែងជិត១០គីឡូម៉ែត្រ ដែលមានទទឺង១៥ម៉ែត្រ សាងសង់អំពីបេតុងឆ្អឹងដែក ដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង។ ក្រៅពីការស្ថាបនាផ្លូវនេះ យើងក៏ដាក់បណ្តាញលូនៅសងខាងផ្លូវ ទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះ យើងដាក់លូអ៊ុយ (U) នៅកណ្តាលទ្រូងផ្លូវតែម្តង ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បាននិងកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាអាស៉ីអាគ្នេយ៍ (ស៉ីហ្គេម) នៅឆ្នាំ២០២៣ ខាងមុខ។ នៅពេលនេះ កម្ពុជាកំពុងត្រៀមទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាងនោះ។

ស៉ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា មិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង៕