(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរៀបចំកិច្ចបជុំលើកទី៣ នៃក្រុមការងាររួម កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី តាមរយៈប្រព័ន្ធវីដេអូ។ នេះបើតាមសេចក្តីប្រតកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ដោយអនុលោមតាមក្របខណ្ឌអនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ទីហ្គ្រាន សារស៊ីយ៉ាន (Tigran Sargsyan) ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៉ី និងយោងតាមសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកទី២ នៃក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៉ី ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការ រៀបចំកិច្ចប្រជុំលើកទី៣ នៃក្រុមការងាររួមនេះ ដើម្បីបន្តពង្រឹងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

កិច្ចប្រជុំនេះនឹងត្រូវរៀបចំនៅថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ (Virtual Conference) នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររួមសម្រាប់ភាគីកម្ពុជា ជាមួយនឹងសហប្រធានលោក សឺហ្គេ ក្លាហ្ស៊េវ (Sergey GLAZIEV) សមាជិកក្រុមប្រឹក្សាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកសមាហរណកម្ម និងម៉ាក្រូសេដ្ឋកិច្ចនៃ គ.ស.អ.អ សម្រាប់ភាគី គ.ស.អ.អ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលជាសមាជិកនៃក្រុមការងាររួម។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សានិងតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលភាគីទាំងពីរ សម្រេចបានកន្លងមក ព្រមទាំងស្វែងរកនូវកាលានុវត្តភាពជាសក្ដានុពលសម្រាប់បន្តលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត រវាងភាគីទាំងពីរ។

កិច្ចប្រជុំនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនដូចជា៖

១៖ កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មនិងវិនិយោគ
២៖ កិច្ចសហប្រតិបត្តិការលើវិស័យគយ
៣៖ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៤៖ វិស័យទូរគមនាគមន៍ ការអភិវឌ្ឍឌីជីថល និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន
៥៖ វិស័យឧស្សាហកម្ម ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ
៦៖ របាំងបច្ចេកទេសពាណិជ្ជកម្ម បទបញ្ញត្តិបច្ចេកទេស និងអនាម័យនិងភូតគាមអនាម័យ
៧៖ កម្មសិទ្ធិបញ្ញា កិច្ចការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង៕