(បាត់ដំបង)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា កំពុងបង្កើតសកម្មភាពចុះចាត់ចែងផ្ទាល់មៀនក្រអូប-តាង៉ែន នៅខេត្តបាត់ដំបងរាប់រយតោន ដើម្បីបែងចែកតាមបណ្ដាខេត្ត ដោយដាក់លក់ជូនបងប្អូនត្រឹមតែ១៩០០រៀល។ ខេត្តដែលមហាសេដ្ឋីល្បីឈ្មោះ គ្រោងនឹងបែងចែកយកទៅលក់នោះមានដូច ខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងព្រះសីហនុ។

បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ការចុះដោយផ្ទាល់នៅពេលនេះ គឺដើម្បីជៀសវាង ផ្លែមៀនខូចគុណភាព និងដើម្បីឲ្យទាន់សភាពការផ្លែមៀនរបស់បងប្អូនប្រជាកសិករនៅខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលកំពុងទុំនោះ។

សូមបញ្ជាក់ថា ការចុះប្រមូលទិញដល់ចំការ និងបែងចែកដោយផ្ទាល់របស់អ្នកឧកញ៉ា ដោយមានការចង្អុលបង្ហាញផ្តល់អនុសាសន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី០៣ កញ្ញានេះ ដោយបានធ្វើដំណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារនៅខេត្តបាត់ដំបង។

ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបង្ហាញឲ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ ចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក៕