(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រុមការងារស្ថានទូត ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានសួរសុខទុក្ខ និងយកអំណោយរួមមាន អង្ករ ត្រីខ បន្លែស្រស់ សាច់ស្រស់ និងគ្រឿងឧបភោគបរិភោគផ្សេងៗ ចុះចែកដល់ពលករខ្មែរចំនួន ៨០គ្រួសារ ដែលជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ នៅឃុំថាងក្វៀន ស្រុកក្លែង ខេត្តរ៉ៈយ៉ង។

ការចុះចែកអំណោយនៅពេលនោះ ក៏មានការចូលរួមពីអភិបាលខេត្តរ៉ៈយ៉ង មន្ទីរការងារ មន្ទីរអន្តោរប្រវេសន៍ លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានជួបប្រជុំការងារជាមួយលោកអភិបាលខេត្ត និងបានថ្លែងអំណរគុណ និងស្នើឲ្យលោកអភិបាលខេត្ត និងអាជ្ញារធរពាក់ព័ន្ធ បន្តជួយមើលថែ ធ្វើតេស្ត ព្យាបាល និងចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្មែរឲ្យបានទាន់ពេលវេលា។

ជាការឆ្លើយតប លោកអភិបាលខេត្ត បានលើកឡើងថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅថៃមានច្រើនម៉ឺននាក់។ លោកអភិបាលខេត្ត បានជម្រាបបន្ថែម អំពីវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ របស់ខេត្តរ៉ៈយ៉ង ថា ប្រសិនបើមានពលករកម្ពុជា កំពុងបម្រើការងារ ឆ្លងកូវីដក្នុងរោងចក្រ /សហគ្រាសណា សហគ្រាស/រោងចក្រនោះ ត្រូវទទួលការព្យាបាលត្រឹមត្រូវ។

ចំពោះគំនិតផ្តួចផ្តើមថ្មី «Bubble & Seal Procedure» បើអ្នកវិជ្ជមានកូវីដ១៩ យកទៅរក្សាព្យាបាលនៅក្នុងរោងចក្រតែម្តង ដល់ពេលជាសះស្បើយត្រឡប់ទៅធ្វើការដូចដើម និងទទួលការចាក់វ៉ាក់សាំង ចំណែកអ្នកអវិជ្ជមានធ្វើការធម្មតា។ សូមកុំភ័យខ្លាច កុំរត់គេចខ្លួន គំនិតផ្តួចផ្តើម នេះបានទទួលការគាំទ្រពីម្ចាស់រោងចក្រ /សហគ្រាស យ៉ាងពេញទំហឹង៕