(ភ្នំពេញ)៖ និស្សិតសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ(PPIU) គ្រប់ជំនាន់ប្រមាណជា២០០នាក់ និងក្រុមហ៊ុនផ្សេងៗទៀតជាច្រើន នឹងរៀបចំតាំងពិព័រណ៍ម្ហូបអាហារខ្មែរ វត្ថុអនុស្សាវរីយ៍ ចំនួន៣០ស្តង់ នៅទីធ្លាខាងមុខសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ នៅថ្ងៃទី០១ខែមេសា ឆ្នាំ២០១៦នេះ។ ការតាំងពិព័រណ៍នេះ មានម្ហូបអាហារ បង្អែម និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ​ជារបស់ខ្មែរយើង ដែលជាការរៀបចំ និងច្នៃប្រឌិត ដោយនិស្សិតផ្ទាល់។

ការរៀបចំកម្មវិធីនេះ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដោយមានការប្រគំតន្រ្តី សម្តែងសមត្ថភាព ការលែងល្បែងប្រជាប្រិយផ្សេងៗ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ នេះ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ ដើម្បីបណ្តុះទឹកចិត្ត យុវជនឲ្យស្រឡាញ់ជាតិ ថែរក្សាមរតកវប្បធម៌ប្រពៃណីជាតិ ដ៏បវរដែលមានតាំងពីយូរលង់មក ឲ្យស្ថិតស្ថេរគង់វង្ស ។

ក្នុងឱកាសនេះ មានរៀបចំពិធីផ្តល់ប័ណ្ណសរសើរ ជូនដល់ប្អូនៗនិស្សិតឆ្នើម ប្រចាំសាកលវិទ្យាល័យ ដើម្បីជំរុញលើកទឹកចិត្ត ផ្តល់កិត្តិយសសម្រាប់ប្អូនៗនិស្សិតឆ្នើម ដែលព្យាយាម ខិតខំប្រឹងប្រែង​រៀនសូត្រ គោរពវិន័យសាលាបានល្អ ជាគំរូដល់និស្សិតដទៃទៀត និងនិស្សិតជំនាន់ក្រោយៗ ឲ្យកាន់តែខិតខំរៀនសូត្រ ថែមទៀត។ ជាពិសេសនឹងមានពិធីកតញ្ញូតាធម៌ ចំពោះមាតាបិតា ដែលគាត់ជាអ្នកឲ្យជីវិត ឲ្យសេចក្តីស្រឡាញ់ ឲ្យការកក់ក្តៅ ឲ្យទ្រព្យសម្បត្តិ ឲ្យទទួលបានការសិក្សា។ល។  ដោយមានការក្រាបសំពះ សុំខមាទោសមាតាបិតា និងជូនបាច់ផ្កា ឬវត្ថុផ្សេងៗ ដល់លោកអ្នកមានគុណ។

គួរបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃដដែលនេះ នឹងមានពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់ បងប្អូនញាតិការទាំងប្រាំពីសណ្តាន និងបុព្វបុរសខ្មែរទាំងអស់ ដើម្បីនាំមកនូវសិរីសួស្តី សម្រាប់ឆ្នាំថ្មីជូនដល់ប្រជាពលរដ្ឋ ខ្មែរទាំងអស់ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ មាតាបិតា និស្សិត និងនិស្សិតទាំងអស់ផងដែរ៕