(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចសាកល្បងបើកសាលារៀន ចំនួន៥កន្លែង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ដែលដំណាក់កាលដំបូងនេះដែរផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ព្រោះជាថ្នាក់ត្រូវប្រឡងសញ្ញាបត្រ។

ដំណឹងនេះបង្ហាញឡើងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសអាជ្ញាធរខេត្តព្រះសីហនុប្រជុំពិភាក្សា ស្តីពីគម្រោងបើកសាលារៀនឡើងវិញជាការសាកល្បង ស្របពេលស្ថានភាពកូវី១៩ បានថមថយ និងឈានទៅគ្រប់គ្រងបាន។

លក្ខខណ្ឌបច្ចេកទេស និងវិធានសុខាភិបាល ត្រូវបានលើកមកពិភាក្សាដើម្បីបានជាយន្តការអនុវត្តមួយ សមស្របដើម្បីធានាបានសុវត្ថិភាពគ្មានការគម្រាមកំហែងពីកូវីដ១៩ ក្រោមការគិតគូរយ៉ាងម៉ត់ចត់ និងប្រុងប្រយត្ន័ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត ដើម្បីចៀសវាងមានបញ្ហាប្រឈម។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានថ្លែងថា រដ្ឋបាលខេត្តគ្រោងបើកសាកល្បងដំបូងចំនួន ៥សាលា នៅតាមក្រុងស្រុកទាំង៥ រួមមាន៖

*ទី១៖ វិទ្យាល័យកែវផុស នៅស្ទឹងហាវ
*ទី២៖ សាលាអនុវិទ្យាល័យទួលកែវ ស្រុកព្រៃនប់
*ទី៣៖ វិទ្យាល័យហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ
*ទី៤៖ សាលាស្ទឹងសំរោង ស្រុកកំពង់សីលា
*ទី៥៖ អនុវិទ្យាល័យព្រែកស្វាយ ក្រុងកោះរ៉ុង។ ប្រសិនការដំណើរការសាកល្បងនេះមានលទ្ធផលល្អ អាជ្ញាធរខេត្តនឹងបន្តបើកសាលានៅទីតាំផ្សេងទៀតយោងស្ថានភាពសមស្រប។

នៅពេលបើកដំណើរការសាលា លោក គួច ចំរើន បានណែនាំបន្ថែមឲ្យក្រុមគ្រូពេទ្យត្រូវយកសំណាកទាំងគ្រូទាំងសិស្សជាមុន និងត្រូវប្រាកដថាបានទទួលវ៉ាក់សាំងរួចរាល់។ ជាមួយគ្នានេះ នៅតាមសាលាត្រូវរៀបចំឲ្យមានបរិស្ថានល្អ បំពាក់ប្រដាប់វាស់កំដៅ បាញ់អាល់កុល អនុវត្តឲ្យបានម៉ត់ចត់តាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ៣ការពារ៕