(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានស្នើទៅ សមេ្ដច ហេង សំរិន ប្រធានរដ្ឋសភាជាតិ ដកចេញនូវរបៀបវារៈ ស្ដីពីការពិភាក្សា និងអនុម័តច្បាប់សហជីព សម្រាប់កិច្ចប្រជុំសភាពេញ នៅដើមខែមេសា ខាងមុខ។ នេះបើតាមលិខិតរបស់ លោក សួន សេរីរដ្ឋា ផ្ញើជូនសម្តេច ហេង សំរិន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ។

លោកបានបញ្ជាក់ក្នុងលិខិតនោះថា «កន្លងមកខ្ញុំបានឃើញថា សភាជាតិមានទម្លាប់អាក្រក់មួយគឺ បង្ខំធ្វើការអនុម័តច្បាប់ ដោយប្រញ៉ាប់តាមការស្នើសុំរបស់រដ្ឋាភិបាល តែមិនបានធ្វើការត្រួតពិនិត្យនូវការអនុវត្តច្បាប់ដែលខ្លួនបានអនុម័តរួចហើយ ដែលត្រូវប្រតិបត្តិដោយរដ្ឋាភិបាល និងតុលាការនោះទេ»

លោកយល់ឃើញថា «កម្មករគឺមិនមែនជា ទាសករទេ ដូចនេះសភាជាតិមិនត្រូវធ្វើច្បាប់សហជីពមួយ ដែលរំលោភច្បាប់រដ្ឋធម្មនុញ្ញ និងអនុសញ្ញាអង្គការពលកម្មជាតិឡើយ»

គួររំលឹកផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលមាន១៧ជំពូក និង៩១មាត្រា នឹងត្រូវរដ្ឋសភាជាតិ លើកទៅអនុម័តនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ ជាមួយនឹងរបៀបវារៈផ្សេងទៀតពាក់ព័ន្ធនឹងការរុះរើគណៈរដ្ឋមន្រ្តី ជាដើម៕