(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង បើកសាលារៀនឱ្យសិស្សានុសិស្សបានចូលសិក្សាឡើងវិញ នាពេលឆាប់ៗខាងមុខ ក្រោយបិទសាលាមួយរយៈដោយសាយតែការរាតត្បាតជំងឺកូវីដ១៩។

គម្រោងបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងក្រោយលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សា និងពិនិត្យស្ថានភាពជាក់ស្តែង ក្រោយពីស្ថានភាព អត្រាឆ្លងជំងឺកូវីដ១៩ មានការថយចុះ ហើយសិស្សានុសិស្សក៏បានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានគ្រប់ៗគ្នារួចរាល់។

កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីសំណាក់លោក អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអប់រំខេត្តកោះកុង និងមន្ត្រីគ្រប់ការិយាល័យមន្ទីរអប់រំក្រុង ស្រុកមួយចំនួនផងដែរ។

នាឱកាសនោះដែរលោក ស្រេង ហុង បានថ្លែងថា ដើម្បីឆ្លើយតបនឹងអនុវត្តន៍ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា, រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំនាពេលនេះដើម្បីពិនិត្យ និងស្រង់ទិន្នន័យ ពីស្ថានភាពជាក់ស្តែង ចំពោះការបើកសាលារៀនឡើងវិញ ដោយនៅទូទាំងខេត្តកោះកុង មានសិស្សកម្រិតបឋមសិក្សាមានចំនួន១៦,៦៨០នាក់ និងសិស្សកម្រិតមធ្យមសិក្សាមានចំនួន៥,៣៩៣នាក់។

លោកអភិបាលរង បានណែនាំរដ្ឋបាលក្រុងស្រុក និងការិយាល័យអប់រំក្រុង ស្រុក មន្ទីរអប់រំ យុវជន និងកីឡាខេត្តពិនិត្យពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយថាតើនៅតាមក្រុងស្រុកអាចបើកដំណើរការរៀនវិញ ហើយត្រូវដាក់របាយការណ៍មកខេត្តវិញនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីឈានដល់ការបើកឡើងវិញតែម្តង៕