(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា គ្រោងសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ ចំនួន២ នៅក្នុងឆ្នាំ២០២២ ដោយទីតាំងសង្កាត់ចាស់ មានសភាពតូចចង្អៀត និងពិបាកធ្វើការ។

លោកអភិបាលខេត្ត បានសម្រេចដូច្នេះនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបានដឹកនាំអភិបាលរងខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យមើលទីតាំងថ្មី ដើម្បីសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ចំនួន២ គឺសង្កាត់កំពង់ចាម និងសាលាសង្កាត់វាលវង់ ស្ថិតនៅក្នុងក្រុងកំពង់ចាមតែម្តង។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយសារសាលាសង្កាត់ទាំងពីរខាងលើ ពុំទាន់មានអាគាររដ្ឋបាលសម្រាប់ធ្វើការឲ្យសមរម្យនៅឡើយ រីឯទីធ្លាសាលាសង្កាត់ក៏តូចចង្អៀតហេតុនេះហើយ ទើបលោកអភិបាលខេត្ត សម្រេចរកទីតាំងថ្មី ដើម្បីធ្វើការសាងសង់អគាររដ្ឋបាលសាលាសង្កាត់ទាំងពីរនេះ ឲ្យស្របទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចំណាយលើគម្រោងថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២២៕