(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្ដបន្ទាយមានជ័យ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចស្ដីពីការបញ្ចប់ការកំណត់ភូមិសាស្រ្ដមួយចំនួនក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពី «តំបន់ក្រហម» ដែលមានការឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ក្រោយបិទអស់រយៈពេល១សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី Delta។

បើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានបញ្ចប់ការកំណត់ទីតាំងពី «តំបន់ក្រហម» ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ១០៩/២១ សសរ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្តីពីការបិទខ្ទប់ការធ្វើដំណើរចេញ-ចូល ជាបណ្ដោះអាសន្នលើ ទីតាំងទាំងស្រុងក្នុង ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត និងទីតាំងមួយផ្នែកនៃសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ»

រដ្ឋបាលខេត្តបានឱ្យដឹងថា ទីតាំងទាំងនោះរួមមានដូចខាងក្រោម៖

*ទី១៖ អគារស្នាក់នៅរួមហ្គោលឌិនស្ទូចត្រី ស្ថិតក្នុងភូមិសាមគ្គីមានជ័យ។
*ទី២៖ អគារកាស៊ីណូ អ៊ីសតាណា ស្ថិតក្នុងភូមិក្បាលស្ពាន១។
*ទី៣៖ កំណាត់ផ្លូវចូលទីតាំងខារ៉ាអូខេ ខេវ័ន្តែ ចាប់ពីផ្លូវព្រហ្មនិមិត្ត ឆ្ពោះទៅទិសខាងលិចទល់នឹងផ្លូវអភិវឌ្ឍន៍ ស្ថិតក្នុងភូមិក្បាលស្ពាន១។
*ទី៤៖ កំណាត់ផ្លូវចូលទីតាំងកាស៊ីណូ និងសណ្ឋាគារប៉ោយប៉ែតជាលេសផ្លើស ចាប់ពីផ្លូវសាម ឆ្ពោះទៅទិស ខាងលិចទល់នឹងផ្លូវអភិវឌ្ឍន៍ ស្ថិតក្នុងភូមិក្បាលស្ពាន១។
*ទី៥៖ កំណាត់ផ្លូវខាងជើងផ្សារត្រី ចាប់ផ្លូវហ្សូអាឆ្ពោះទៅទិសខាងលិចទល់ផ្លូវផ្សារអគ្គ (ផ្សារប៉ោយប៉ែតថ្មី) ស្ថិតក្នុង
ភូមិបាលិលេយ្យ១។
*ទី៦៖ តំបន់កាស៊ីណូដែលស្ថិតក្នុងភូមិប៉ោយប៉ែត, ភូមិក្បាលស្ពាន១ និងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ដែលមានព្រំប្រទល់៖

*ខាងកើតទល់នឹងផ្លូវទំបន់ក៥ និងព្រំប្រទល់ផ្សារមង្គល។
*ខាងលិចទល់នឹងអូរព្រំដែនកម្ពុជា-ថៃ។
*ខាងជើងទល់នឹងស្រះទឹកក្រុមហ៊ុនស្កាវីលេក ស្ថិតក្នុងភូមិសាមគ្គីមានជ័យ។
*ខាងត្បូងទល់នឹងអូរព្រំដែនកម្ពុជា-ថៃ៕