(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងអាស្ត្រាហ្សែនីកា ដូសជំរុញ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងសហព័ទ្ធ (ស្វាមីឬភរិយា) និងប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង ដែលបានចាក់វ៉ាក់សាំងកូវីសែល ដូសទី១ និងដូសទី២រួចរាល់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញរបស់រាជរដ្ឋាភិបាលនេះ គឺដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បណ្តាលមកពីមេរោគកូវីដបំប្លែងខ្លួនថ្មី ជាពិសេសមេរោគកូវីដ ប្រភេទដែលតា (Delta) ដែលបាននិងកំពុងវាយលុកយ៉ាងសកម្មតាមបណ្តា ទីក្រុងនានានៃប្រទេសក្នុងតំបន់អាស៊ាន រួមទាំងរាជធានីភ្នំពេញ និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចដាក់ចេញបន្ថែមនូវ «យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬ ដូសជំរុញ» ជូនដល់មន្ត្រីបម្រើសេវាសាធារណៈជួរមុខទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ សំដៅបង្កើនភាពស៊ាំសហគមន៍ឱ្យកាន់តែរឹងមាំ និងជាការគិតគូរបន្ថែមដល់សុខុមាលភាពរបស់ប្រតិបត្តិករជួរមុខ ដើម្បី កាត់បន្ថយកម្រិតហានិភ័យ និងអត្រានៃការឆ្លងចូលក្នុងសហគមន៍ ឱ្យបានជាអតិបរមា»

ចំពោះឯកសារតម្រូវចាំបាច់ដែលត្រូវភ្ជាប់មកជាមួយ រួមមាន៖

*ទី១៖ បណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
*ទី២៖ បណ្ណ សម្គាល់ខ្លួនមន្ត្រីរាជការ-បុគ្គលិក
*ទី៣៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារដែលបានប្រើប្រាស់ក្នុងការ ចាក់វ៉ាក់សាំងដូសទី១ព្រមទាំងត្រូវគោរពនូវលក្ខខណ្ឌនៃការទទួលបាន វ៉ាក់សាំងដូសជំរុញរបស់ពួកគាត់ដែលបាន ចាក់វ៉ាក់សាំង ដូសទី១ និងដូសទី២រួចរាល់ ដែលមានគម្លាតរយៈពេលចាប់ពី ០៤ (បួន) ទៅ ០៦ (ប្រាំមួយ) ខែឡើង បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានក្រើនរំលឹក និងអំពាវនាវដល់លោក-លោកស្រីដែលអញ្ជើញ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដុសជំរុញ ឬ ដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ហើយសូមចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន សែន៕