(សៀមរាប)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី ១២ ឆ្នាំទៅក្រោម១៨ឆ្នាំ បានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១(ស៊ីណូវ៉ាក់) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនៅខេត្តសៀមរាប ដើម្បីមកទទួលការចាក់វ៉ាក់សាំងដូសទី២។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្ត កាលបរិច្ឆេទនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ សេចក្ដីជូនដំណឹងនោះបញ្ជាក់ថា រយៈពេលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ ត្រូវមានរយៈពេលចន្លោះពី១៥ថ្ងៃ ទៅ២៨ថ្ងៃ (មិនអោយ ហួស២៨ថ្ងៃក្រោយចាក់ដូសទី១) នៅតាមមណ្ឌលចាក់វ៉ាក់សាំង ដែលបងប្អូនទាំងអស់បាននាំកូនទៅចាក់កាលពីដូស ទី១ កន្លងមក។ ការចាក់ចាប់ផ្តើមពីម៉ោង៨:០០ព្រឹកដល់ម៉ោង១១:៣០ថ្ងៃត្រង់ និងម៉ោង១៤:០០នាទីរសៀល ដល់ម៉ោង១៦:៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ) ។

ការទៅចាក់វ៉ាក់សាំង ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ មកជាមួយជាចាំបាច់ ដើម្បីឱ្យក្រុមគ្រូពេទ្យងាយស្រួលក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណ និងធ្វើការចាក់ជូន ។ ករណីមកយឺតលើសពី២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១ នឹងមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី២ បានទេ ។

គួរបញ្ជាក់ផងដែរថា ការមិនបានចាក់ដួសទី២ទេ នោះនឹងមិនមានអង្គបដិបក្ខប្រាណ(Antibxxy) ដើម្បីទប់ទល់ជាមួយវីរុសកូវីដ-១៩ ទេ ។ ទោះបីចាក់វ៉ាក់សាំងដូសទី២ រួចហើយក៏ដោយ ក៏ត្រូវតែបន្តអនុវត្តនូវវិធានសុខាភិបាលដដែលគឺ ៣ការពារ និង៣កុំ៕