(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានលើកឡើងថា អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែ សូមប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងខណៈករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បន្តធ្លាក់ចុះជាបន្តបន្ទាប់ ដោយចំនួនអ្នកព្យាបាលជាសះស្បើយ ក៏មានការកើនឡើង ហើយចំនួនអ្នកជំងឺស្លាប់ដោយសារវីរុសកូវីដ១៩ ក៏បន្តធ្លាក់ចុះជាដើម។ល។

តាមរយៈទំព័រ Facebook ផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «អត្រាចម្លងជំងឺកូវីដ-១៩ បានថយចុះគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងនេះក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីរួមគ្នាលុបបំបាត់ការចម្លងជំងឺដ៏កាចសាហាវនេះ»

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ៩៥,៣០០នាក់, អ្នកជាសះស្បើយសរុបចំនួន ៩០,៦៨៤នាក់, ស្លាប់សរុបចំនួន១,៩៥៧នាក់។

ដោយឡែកបើគិតត្រឹមយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១១,២៤២,៨០៦នាក់៕