(កំពង់ចាម)៖ បន្ទាប់ពីបានឃើញសមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា បានបង្ហោះព័ត៌មានក្នុង Wechat ពីការឧបត្ថម្ភថវិកាជូនដល់គ្រួសារជនរងគ្រោះ ដែលស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ នៅខេត្តកំពង់ចាមនោះ, ជនជាតិចិនម្នាក់ ដោយក្តីអាណិតអាសូរ តាមរយៈសមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា បានឧបត្ថម្ភថវិកាចំនួន១៦៨៨ដុល្លារជូនក្រុមគ្រួសារអ្នកស្លាប់នោះ ដើម្បីសម្រាលដល់ទុក្ខលំបាក។

អ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ ងិន មុំ ភេទស្រី អាយុ៦៩ឆ្នាំរស់នៅជាមួយក្មួយស្រីឈ្មោះ ពៅ ពិសី នាភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១។

ថវិកាចំនួន១៦៨៨ដុល្លារ ត្រូវបានប្រគល់ជូនអ្នកស្រី ពៅ ពិសី ដែលត្រូវជាក្មួយរបស់អ្នកស្រី ងិន មុំ។ អ្នកស្រី ពៅ ពិសី គឺជាគ្រូបង្រៀនម្នាក់ នៅសាលារៀនមួយក្នុងខេត្តកំពង់ចាម មានសមាជិកគ្រួសារ៩នាក់ (កូន៥នាក់) ហើយប្តីរបស់គាត់មានជំងឺរាំរ៉ៃក្នុងខ្លួនផងដែរ។

អ្នកស្រី ពៅ ពិសី បានឲ្យដឹងថា ខ្លួននិងប្តីគឺជាគ្រូបង្រៀននៅសាលាមួយនៅខេត្តកំពុងចាម ចំណូលមួយខែបាន១លាន១៥ម៉ឺនរៀល(២៨៨ដុល្លា) ក្រុមគ្រួសារអ្នកស្រីមានសមាជិក៩នាក់ កូន៥នាក់ (កូនច្បងអាយុ២២ឆ្នាំ កូនទី២អាយុ២១ឆ្នាំ កូនទី៣ អាយុ១៧ឆ្នាំ កូនទី៤ អាយុ១០ឆ្នាំ កូនទី៥អាយុ៩ឆ្នាំ) ក្មួយ២នាក់ (ម្តាយឪពុកគាត់ទៅធ្វើការនៅខេត្តឆ្ងាយ ផ្ញើកូនៗឲ្យអ្នកស្រីជួយមើល) ។

អ្នកស្រីបន្តថា ប្តីរបស់គាត់បានឈប់បង្រៀនអស់រយៈពេល៣ឆ្នាំហើយ ដោយសារមានជំងឺរាំរ៉ៃក្នុងខ្លួន ក្រោយផ្ទុះជំងឺកូវីត១៩កូនគាត់២នាក់ក៏បានបាត់បង់ការងារ ដោយកូនទីមួយពីមុនធ្វើការរត់តុនៅក្នុងភោជនីយដ្ឋានមួយនៅខេត្តសៀមរាប ដោយសារជំងឺកូវីតបានផ្ទុះឡើង ហើយគ្មានភ្ញៀវទេសចរទៅលេងភោជនីយដ្ឋាននោះក៏បានបិទទ្វា រ ។ ចំណែកកូនទី២ ធ្វើខាងសំអាងការ ដោយសារជំងឺកូវីត១៩ មិនឲ្យរៀបចំអាពាហ៍ពិពាហ៍អីចឹងគាត់ក៏បានចាត់បង់ចំណូល ហើយរាល់បន្ទុកគ្រួសារទាំងអស់ត្រូវបានធ្លាក់មកលើអ្នកស្រីទាំងស្រុង កូន២នាក់ក៏កំពុងរកការងារ ប៉ុន្តែមិនទាន់រកបាន។

តំណាងសមាគមមូលនិធិសប្បុរសធម៌ក្វាងទុងនៅកម្ពុជា បានអះអាងថា ការជួយរបស់ជនជាតិចិននេះ ផ្តើមចេញពីសមាគមរបស់ខ្លួន ដែលតែងតែធ្វើនូវសកម្មភាពមនុស្សធម៌ឧបត្ថម្ភថវិកាដល់ក្រុមគ្រួសារ ដែលមានសមាជិកស្លាប់ ដោយសារជំងឺកូវីដ១៩ក្នុងមួយគ្រួសារ១៥០ដុល្លារ។

ដោយរំភើបនូវសកម្មភាព ក៏ដូចជាមានចិត្តអាណិតអាសូរ ដល់ជនរងគ្រោះ ជនជាតិចិនម្នាក់ បានផ្តល់ថវិកាដល់ក្រុមគ្រួសារនោះចំនួន១៦៨៨ដុល្លារ ក្នុងគោលបំណងជួយសម្រាលបន្ទុក និងផ្តល់នូវដើមទុនបន្តិចបន្តួច ដើម្បីបន្តមុខរបរដ៏តូចដល់គ្រួសារដែលកំពុងខ្វះខាត។

សកម្មភាពនេះ បានបង្ហាញនូវសន្តានចិត្តជនជាតិចិន ចំពោះប្រជាពលរដ្ឋកម្ពុជា ហើយក៏ជាការជំរុញចំណងមិត្តភាពរវាងកម្ពុជា-ចិន ពង្រឹងទំនាក់ប្រជាជនទាំងទ្វេផងដែរ៕