(ភ្នំពេញ)៖ ក្នុងសប្ដាហ៍ទី១ នៃខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃទី៤-៥) នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ៥១,០៤២ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៥០,១៣៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩០៨ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌ Fresh News មាននាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តកំពត៖ ២៣,៧៨៧ នាក់
* ខេត្តកែប៖ ៤,៩៥៥ នាក់
* រាជធានីភ្នំពេញ៖ ៤,១៩០ នាក់
* ខេត្តសៀមរាប៖ ៤,០៤៣ នាក់
* ខេត្តតាកែវ៖ ៣,៧០២ នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា សកម្មភាពទេសចរណ៍ផ្ទៃក្នុង ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីទី១៩ ខែសីហា ឆ្នាំ២០២១នេះ បើទោះបីចំនួនភ្ញៀវសរុបនៅមិនទាន់មានចំនួនច្រើននៅឡើយ។

លោកថា រដ្ឋបាលខេត្តភាគច្រើនបានអនុញ្ញាតឲ្យមានការដំណើរការឡើងវិញសកម្មភាពទេសចរណ៍នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ក្រោមការគ្រប់គ្រងប្រកបដោយភាពហ្មត់ចត់ និងប្រយ័ត្នប្រយែង ពិសេសការពង្រឹងការអនុវត្តវិធានការ «៣-កុំ និង ៣-ការពារ» ខណៈដែលរាជធានី-ខេត្តមួយចំនួន នៅបន្តផ្អាកដំណើរការរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅឡើយ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (ហៅកាត់ថា SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ ដែលរួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្រសួងទេសចរណ៍នឹងបន្តពិភាក្សាជាមួយរដ្ឋបាលខេត្តផ្សេងៗទៀត លើការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដោយពិនិត្យពិចារណាលើការបើកដំណើរការសកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយឈរលើអភិក្រមបុរេសកម្ម ភាពបត់បែន និងជាក់ស្តែងនិយម ពិសេសដើម្បីត្រៀមក្នុងរដូវភ្ជុំបិណ្ឌដែលជិតមកដល់ និងចូលរួមត្រៀមរៀបចំការបើកទទួលទេសចរអន្តរជាតិឡើងវិញនៅពេលខាងមុខផងដែរ៕