(កំពង់ធំ)៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោកតា លោកយាយ អាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៥នាក់ រស់នៅខេត្តកំពង់ធំ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១០។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដោយផ្ទាល់ដៃ ដល់ខ្នងផ្ទះរបស់ពួកគាត់រួចរាល់។

លោកតា លោកយាយ ចំនួន៥នាក់ ដែលទទួលបានអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នូវថវិកាចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀតនោះ រួមមាន៖

* ទី១៖ លោកតា អ៊ុក ស៉ឹម អាយុ១០១ឆ្នាំ រស់នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង
* ទី២៖ លោកយាយ ជុំ លីវ អាយុ១០១ឆ្នាំ រស់នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ស្រុកស្ទោង
* ទី៣៖ លោកយាយ អ៉ិត សុន អាយុ១០៦ឆ្នាំ រស់នៅភូមិកំពង់គ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ
* ទី៤៖ លោកយាយ សុក ស៊ុន អាយុ១០១ឆ្នាំ រស់នៅភូមិសូដៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ
* ទី៥៖ លោកយាយ ហ៊ុន បួន អាយុ១០២ឆ្នាំ រស់នៅភូមិអន្លង់ក្រសាំង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ ព្រមទាំងបានជម្រាបសួរអំពីមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ពួកគាត់ក៏បានផ្ដាំផ្ញើនូវក្ដីនឹក និងអាណិតស្រលាញ់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈលោកស្រី ឱ វណ្ណឌីន ផងដែរ។

លោកតា និងលោកយាយពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ បើទោះបីពួកគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារពួកគាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យគាត់ឈឺធ្ងន់ធ្ងរនោះដែរ។

បើតាមអ្វីដែលជាការសាកសួររបស់លោកស្រី ឱ វណ្ណឌីន ក្រុមគ្រួសាររបស់លោកតា លោកយាយ បានបញ្ជាក់ដូចៗគ្នាថា លោកតា លោកយាយ គឺសុទ្ធតែស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងដោយខ្លួនឯង ដោយមិនមានកូនចៅណាម្នាក់បង្ខិតបង្ខំនោះទេ៕